ភ្នំពេញ ៖សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានតំបន់មេគង្គលើកទី៣ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះ បានបញ្ចប់ទៅជោគជ័យ ដោយមានការអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាពីឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលានេះ រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្លិបអ្នកកាសែតកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមដែលមានពីរាជបណ្ឌិត្យសភាកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា អ្នកសារព័ត៌មានពីបណ្ដាអង្គភាពស្ថាប័ននានានៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសចិន សហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងហ្វីលីពីន។
សិក្ខាសាលាបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ បានពិភាក្សាទៅលើប្រធានបទសំខាន់ដូចជា៖ទី១.ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងសម័យឌីជីថល ទី២.ភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីននិងការបំភ្លៃព័ត៌មាន ទី៣.ពីព័ត៌មានបែបប្រពៃណីទៅព័ត៌មានសង្គមនិងព័ត៌មានតាមបែបបញ្ញាសិប្បនិម្មិត ទី៤.យន្តការអាស៊ានក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត ទី៥.អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ៖វិជ្ជាជីវៈនៃការផ្សព្វផ្សាយនិងក្រមប្រតិបត្តិ និងទី៦.ក្រមប្រតិបត្តិសម្រាប់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត៕អត្ថបទ៖ទូច សោភ័ណ














