
រដ្ឋាភិបាលក្នុងស្រុក បាននិយាយថា មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និងមនុស្ស ៤ពាន់នាក់ផ្សេងទៀត រងផលប៉ះពាល់ដោយសារទឹកជំនន់នៅតំបន់ Casanare ប្រទេសកូឡុំប៊ី ។
ភ្លៀងធ្លាក់ខ្លាំង បានបំផ្លិចបំផ្លាញដំណាំ និងដីកសិកម្ម ។ ក្រុមអាជ្ញាធរ និងក្រុមមន្រ្តីក្នុងស្រុក បានបើកទូកឆ្លងកាត់ដីកសិដ្ឋានរងការជន់លិច ដើម្បីនាំជំនួយដល់ក្រុមគ្រួសាររងគ្រោះ ក្រោយទឹកជំនន់លិចផ្លូវ និងវាលចម្ការ ។
គ្រួសារមួយចំនួន និយាយថា ពួកគេបានខូចខាតផលដំណាំ រួមទាំងដំណាំចេក ល្ហុង និងដំឡូងមី ក្រោយភ្លៀងធ្លាក់ខ្លាំងបោកបក់លើតំបន់ភាគខាងជើង ។
អភិបាលតំបន់ Casanare បានប្រកាសដាក់តំបន់ស្និតក្នុងគ្រោះមហន្តរាយសាធារណៈកាលពីថ្ងៃពុធ ។
មន្ទីរឧតុនិយមកូឡុំប៊ី បានព្យាករណ៍ផងដែរ ពីការផ្លាស់ប្តូរបាតុភូត អែល នីញ៉ូ និងបាតុភូត ឡា នីញ៉ា ដែលជាបាតុភូតធម្មជាតិរវាងក្តៅ និងត្រជាក់ នៅក្នុងខែឧសភា និងខែមិថុនា ។
ភ្លៀងធ្លាក់ខ្លាំង និងព្យុះសង្ឃរា ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងប្រទេសកូឡុំប៊ី ដោយសារតែឥទ្ធិពលពីបាតុភូត ឡា នីញ៉ា ៕