
យោងតាមនគរបាលបានឲ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យវៀតណាម លោកស្រី Truong My Lan ដែលត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងសំណុះរឿងក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនោះ បានផ្ទេរប្រាក់ទៅបរទេសដោយខុសច្បាប់ ដោយនៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ទឹកប្រាក់ ៤,៥ពាន់លានដុល្លារ ត្រូវបានផ្ទេរចេញ។
កាលពីល្ងាចថ្ងៃពុធ (ទី៥ ខែមិថុនា) នគរបាលបាននិយាយថា ការស៊ើបអង្កេត ជុំវិញការផ្ទេរប្រាក់ទាំងនោះ និងការសម្អាតលុយកខ្វក់ ត្រូវបានបិទបញ្ចប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា លោកស្រី Lan បានផ្ទេរដោយខុសច្បាប់នូវទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារពីប្រទេសវៀតណាម ហើយបានផ្ទេរចំនួន ៣ពាន់លានដុល្លារចូលទៅក្នុងប្រទេសវិញ។ តែយ៉ាងណាក្ដី របាយការណ៍មិនបានបញ្ជាក់ថា ប្រទេសណាជាអ្នកទទួលបាន ឬប្រភពនៃប្រាក់នោះទេ។
គួរបញ្ជាក់ថា តុលាការក្នុងខែមេសា បានកាត់ទោសប្រហារជីវិត ចំពោះលោកស្រី Lan ពាក់ព័ន្ធនឹងតួនាទីរបស់លោកស្រី ក្នុងការលួចដកប្រាក់ជាង ១២ពាន់លានដុល្លារពីធនាគារពាណិជ្ជរួមភាគហ៊ុន Saigon (SCB) ដែលលោកស្រីបានរៀបចំដោះស្រាយយ៉ាងមានប្រសិទ្ធភាព តាមរយៈតំណាងរាប់សិបនាក់ ទោះបីជាមានច្បាប់កំណត់យ៉ាងតឹងរ៉ឹងលើការកាន់កាប់ភាគហ៊ុនធំ នៅក្នុងស្ថាប័នផ្ដល់ប្រាក់កម្ចីនេះក៏ដោយ។
នៅថ្ងៃព្រហស្បតិ៍នេះ SCB មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយតំណាងផ្លូវច្បាប់របស់លោកស្រី Lan ក៏មិនអាចទាក់ទងបានទេ៕