កំពង់ធំ ៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មីរ៉ាត់អឹគ្រីធីក( MIRATH Agri Tech) មានទីតាំង នៅក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចមានលទ្ធភាពប្រមូលទិញ និង កែច្នៃគ្រាប់ស្វាយចន្ទីបាន១៥០០តោនក្នុងមួយឆ្នាំ និងកើនឡើងរហូតដល់ ២ម៉ឺនតោន ក្នុងឆ្នាំបន្តបន្ទាប់។
លោក ថានីហ្គោឈិ ខេនតារ៉ូ (Taniguchi Kentaro) អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech បានលើកឡើងថា គ្រាប់ស្វាយចន្ទីមិនត្រឹមតែជាចំណីអាហាប៉ុណ្ណោះទេ សំបករបស់វាអាចយកទៅបំប្លែងជាថាមពល។ បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងក្លាយជារបៀបវារៈសំខាន់ ដែលត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ដូច្នេះហើយ MIRARTH Green Tech នឹងកែច្នៃមិនត្រឹមតែគ្រាប់ស្វាយចន្ទីប៉ុណ្ណោះទេ ប៉ុន្តែ នឹងកែច្នៃសំបករបស់វាទៅជាប្រភពថាមពលដែលមិនប៉ៈពាល់ដល់បរិស្ថាននោះឡើយ។ គ្រាប់ស្វាយចន្ទីដែលដាំនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថភាពដ៏អស្ចារ្យ អាចចូលរួមចំណែកដោះស្រាយនូវបញ្ហានេះបាន។ ការសម្រេចឱ្យបាននូវអព្យាក្រឹតកាប៉ូនក្នុងពិភពលោក ដោយប្រើថាមពលដែលបានពីសំបកគ្រាប់ស្វាយចន្ទីនេះ គឺជាដើមចមដំបូងដែលនាំឱ្យក្រុមហ៊ុនរបស់លោក មករកគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ បន្ថែមលើពីនេះរោងចក្រមួយនេះ នឹងរួមចំណែកជួយដល់ស្ត្រីក្នុងសហគមមានការងារធ្វើ មានចំណូល លើកស្ទួយជីវិភាពក្នុងគ្រួសារ ។ លោកនឹងប្រមូលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងខេត្តកំពង់ធំ និង ខេត្តព្រះវិហារ ដោយធ្វើកិច្ចសន្យាកសិកម្ម ដែលអាចមានសមត្ថភាព បង្កើនបរិមាណពី 1500តោនក្នុង ១ឆ្នាំ រហូតដល់ 2ម៉ឺនតោន ក្នុង មួយឆ្នាំ។
ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ខេត្តកំពង់ធំត្រូវបានស្គាល់យ៉ាងទូលំទូលាយថាជាខេត្តមួយក្នុងចំណោមខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ គ្រាប់ស្វាយចន្ទីនៅកម្ពុជាមានទំហំធំ រសជាតិឆ្ងាញ់ និងទទូលបានការវាយតម្លៃខ្ពស់ទាំងនៅក្នុងប្រទេសជប៉ុន និងប្រទេសដទៃ ទៀត។ ទោះបីជាយ៉ាងណា ដោយសារតែកម្ពុជានៅខ្វះកន្លែងសមស្របដើម្បីធ្វើការសម្ងួត រក្សាទុក និងកែច្នៃ ធ្វើឲ្យគ្រាប់ស្វាយចន្ទីដែលប្រមូលបានភាគច្រើន ត្រូវនាំចេញទាំងឆៅ និងក្នុងតម្លៃទាប។ ដូច្នេះ តាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ ១៦៩០០០ ដុល្លារអាមេរិក ដើម្បីចំណាយលើការសាងសង់ទីធ្លារសម្រាប់សម្ងួត ឃ្លាំង និងឧបករណ៍វាស់សំណើមជាដើម។ ជាមួយនឹងគម្រោងនេះ គ្រាប់ស្វាយចន្ទីនិងមានការសម្ងួត និងរក្សាទុកបានត្រឹមត្រូវ អាចលក់បានក្នុងតម្លៃខ្ពស់ ធ្វើឲ្យចំណូលរបស់កសិករមានការកើនឡើង។ គម្រោងនេះគឺជាគម្រោងគួរឲ្យត្រេកអរមួយ ព្រោះវាត្រូវបានគាំទ្រដោយរដ្ឋាភិបាលជប៉ុន ព្រមទាំងក្រុមហ៊ុនឯកជនជប៉ុន MIRARTH GREEN TECH ។
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមាណ ១៣២% ខណៈទិន្នផល និងការនាំចេញ ក៏បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្វាយចន្ទី ក្លាយជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា ហើយកម្ពុជាបានឈរនៅលេខរៀងលំដាប់ទី៣ ក្នុងពិភពលោក។ ដោយឃើញពីសក្តានុពល និងកាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែម ដំណាំស្វាយចន្ទី ខណៈលទ្ធភាពកែច្នៃក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញ ដោយមិនមានការកែច្នៃ បានធ្វើឱ្យបាត់បង់តម្លៃបន្ថែមច្រើន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលកន្លងទៅ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈមោះមុត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ នៅលើពិភពលោក។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដែលគោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទី កែច្នៃ និង ជំរុញ ការនាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែមបង្កើតការងារនិង លើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិត និង ផ្គត់ផ្គង់ ស្វាយចន្ទី ដល់ទីផ្សារក្នុងស្រុកក្នុងតំបន់ និង លើពិភពលោកតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើ ជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និង ពហុភាគីសម្រាប់ជាច្រកនាំចេញទំនិញ របស់ក្រុមហ៊ុនពហុជាតិនៅកម្ពុជា ទៅកាន់ទីផ្សារធំៗនៅគ្រប់ទិសទី ។
ឯកឧត្តម បន្តថា ការវិយោគរបស់ក្រុមហ៊ុនមីរ៉ាត់អឹគ្រីធីក ( ( MIRATH Agri Tech) នៅពេលនេះ គឺជាការចូលរួមចំនែកយ៉ាងសំខាន់ក្នុងការ ជួយដល់កសិករ និង អ្នកដាំដុះដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ និង ខេត្ត ព្រះវិហារ ព្រោះក្រុមហ៊ុនបានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ តាមរយះការធ្វើ កិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុន៕
អត្ថបទ ៖សូដាវណ្ណ

















