
ប្រទេសហុងគ្រី នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ បានបញ្ជាក់ថា ខ្លួននឹងចូលរួមកិច្ចប្រជុំកំពូល ស្ដីពីបញ្ហាអ៊ុយក្រែន នាថ្ងៃទី១៥ ខែមិថុនា នៅប្រទេសស្វីស ទោះបីជាខ្លួនកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីដែលមិនត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះក៏ដោយ។
ហុងគ្រី ដែលជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) បានរិះគន់ឥតសំចៃ ជុំវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី ដោយសារការលុកលុយលើអ៊ុយក្រែន។ ហើយនាយករដ្ឋមន្ត្រី លោក Viktor Orban បានបន្តរក្សាទំនាក់ទំនងឥតងាករេជាមួយទីក្រុងមូស្គូ ដោយបង្កឲ្យមានការរិះគន់ពីភាគីទាំង២ នៃមហាសមុទ្រអាត្លង់ទិក។
យ៉ាងណាក្ដី អំឡុងពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ច នៅទីក្រុង St Petersburg ប្រទេសរុស្ស៊ី រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា៖ «ហុងគ្រីនឹងមានតំណាងនៅក្នុងសន្និសីទនោះ ក្នុងកម្រិតរដ្ឋមន្ត្រីការបរទេស»។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតនូវការគាំទ្រអន្តរជាតិយ៉ាងទូលំទូលាយ ចំពោះសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលរួមបញ្ចូលទាំងការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែនផងដែរ។ រុស្ស៊ីបានច្រានចោលគំនិតផ្តួចផ្តើមនេះថា ជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។
ហុងគ្រីបានបដិសេធមិនផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែនឡើយ។ លើសពីនេះទៀត ប្រទេសនេះក៏បានរារាំងវិធានការនៅកម្រិត EU ដែលត្រូវផ្ដល់ទឹកប្រាក់ប្រហែល ៦,៥ពាន់លានអឺរ៉ូ (៧,០៦ពាន់លានដុល្លារ) ជាជំនួយយោធា ដើម្បីជួយឲ្យអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី៕