
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអាល់បានី បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលដែលបានបញ្ឈប់ពួកគេពីការចូលក្នុងសភានៅទីក្រុង Tirana ។
ក្រុមបាតុករ និងក្រុមគាំទ្រគណបក្សប្រឆាំងប្រជាធិបតេយ្យ បានដុតកង់រថយន្ត និងព្យាយាមឆ្លងកាត់របាំងការពាររបស់នគរបាលនៅក្នុងរដ្ឋធានីប្រទេសអាល់បានីមួយនេះ ។
ក្រុមប្រឆាំង បានចោទប្រកាន់នាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក Edi Rama ពីបទអំពើពុករលួយ បក្ខពួកនិយម និងជិតស្និទ្ធជាមួយក្រុមឧក្រិដ្ឋជន ប៉ុន្តែលោក Rama បានច្រានចោលរាល់ទោសកំហុសទាំងអស់ ។
ពួកគេបានអះអាងផងដែរថា លោក Rama ជាអ្នករៀបរៀងប្រព័ន្ធយុត្តិធម៌ ធ្វើឲ្យមេដឹកនំាប្រឆាំងនិងជាអតីតនាយករដ្ឋមន្រ្តីលោក Sali Berisha ស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣រហូតមក ពាក់ព័ន្ធនឹងអំពើពុករលួយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរដ្ឋអាជ្ញា នៅមិនទាន់ធ្វើការចោទប្រកាន់ណាមួយនោះទេ ប៉ុន្តែលោក Berisha បានធ្វើការច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ៕