
ប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំពិភពលោកចំនួន ១៦រូបផ្សេងទៀត ក្នុងនោះរួមមានទាំងតួអង្គអឺរ៉ុប និងអាមេរិកឡាទីនសំខាន់ៗផងដែរ នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ បានរួមគ្នាជំរុញឲ្យក្រុមហាម៉ាសទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ និងឲ្យអ៊ីស្រាអែលទទួលយកការសម្របសម្រួល។
សេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមាន បានលើកឡើងថា៖ «មិនមានពេលវេលាត្រូវខ្ជះខ្ជាយទៀតទេ។ យើងសូមអំពាវនាវដល់ក្រុមហាម៉ាសចូលរួមទាំងស្រុងជាមួយកិច្ចព្រមព្រៀងនេះ»។ ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយបណ្ដាមេដឹកនាំនៃប្រទេសមហាអំណាចអឺរ៉ុបសំខាន់ៗ ដូចជាអង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងអេស្ប៉ាញដែលបានធ្វើឲ្យអ៊ីស្រាអែលខឹងសម្បាដោយការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
អ្វីដែលពិសេសជាងនេះទៀតនោះ គឺថា សេចក្តីថ្លែងការណ៍នេះបានប្រមូលផ្តុំទៅដោយបណ្ដាមេដឹកនាំដែលមានមនោគមវិជ្ជាខុសគ្នានៃប្រជាជាតិដែលមានប្រជាជនច្រើនបំផុត នៅអាមេរិកខាងត្បូង ដូចជាប្រេស៊ីល និងកូឡុំប៊ី ដែលប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសទាំងនេះ បានថ្កោលទោសយ៉ាងដាច់ណាត់ ចំពោះអ៊ីស្រាអែល និងអាហ្សង់ទីនដែលមេដឹកនាំសេរីនិយមថ្មីគាំទ្រអ៊ីស្រាអែល។
សហរដ្ឋអាមេរិកបានលើកឡើងម្តងហើយម្តងទៀតថា ការទទួលខុសត្រូវ គឺស្ថិតនៅលើក្រុមហាម៉ាស ក្នុងការទទួលយកកិច្ចព្រមព្រៀងនេះ ប៉ុន្តែសេចក្តីថ្លែងការណ៍ ក៏បានអំពាវនាវឲ្យមានការបត់បែនពីអ៊ីស្រាអែលផងដែរ៕