
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ បាននិយាយថា ពួកគេបានឃុំខ្លួនពលរដ្ឋបារាំងម្នាក់ពីបទសង្ស័យាថា បានប្រមូលព័ត៌មានអំពីសកម្មភាពរបស់យោធារុស្ស៊ី។
អង្គភាពនៃគណៈកម្មាធិការស៊ើបអង្កេត ដែលគ្រប់គ្រងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បាននិយាយថា សំណុំរឿងព្រហ្មទណ្ឌមួយត្រូវបានធ្វើឡើងប្រឆាំងនឹងជនជាតិបារាំងដែលអង្គភាពមិនបញ្ចេញឈ្មោះ ជុំវិញការបំពានច្បាប់រុស្ស៊ី ស្តីពី «ភ្នាក់ងារបរទេស»។
អង្គភាពបានឲ្យដឹងថា ជននោះបានរំលោភលើផ្នែកមួយនៃលក្ខន្តិកៈដាក់ទណ្ឌកម្មអ្នកដែលមិនបានចុះឈ្មោះខ្លួនឯងជា «ភ្នាក់ងារបរទេស» ហើយជាប់ពាក់ព័ន្ធនឹង «ការកំណត់គោលដៅប្រមូលព័ត៌មាន នៅក្នុងវិស័យយោធា (និង) សកម្មភាពបច្ចេកទេសយោធារបស់សហព័ន្ធរុស្ស៊ី»។
អង្គភាពបានបន្ថែមថា បុរសនោះបានធ្វើទស្សនកិច្ចម្តងហើយម្តងទៀតនៅប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ និងបានជួបប្រជុំជាមួយពលរដ្ឋរុស្ស៊ី។
គួរបញ្ជាក់ថា បទចោទនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ហើយនៅពេលនេះ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស៕