អាហ្វហ្គានីស្ថាន៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា ជម្លោះកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យចំនួនជនរងគ្រោះជាជនស៊ីវិលរងរបួសកើនឡើង។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថា បុគ្គលិករបស់ខ្លួនបានព្យាបាលជនជាតិអាហ្វហ្គានីស្ថានជាង ៤.០០០នាក់នៅខែនេះនៅក្នុងមន្ទីរពេទ្យចំនួន ១៥ របស់ពួកគេនៅទូទាំងប្រទេសរួមទាំងនៅខេត្ត Helmand និងខេត្ត Kandahar ជាទីដែលការវាយប្រហារតាមអាកាសរបស់អាហ្វហ្គានីស្ថាន និងអាមេរិកកំពុងព្យាយាមរារាំងការវាយលុករបស់ពួកតាលីបង់។ លោក Eloi Fillion ប្រធានគណៈប្រតិភូរបស់ ICRC នៅអាហ្វហ្គានីស្ថានបាននិយាយថា ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង វាកាន់តែពិបាកសម្រាប់អង្គការសុខភាពក្នុងការផ្ដល់សេវាដល់ប្រជាជនដែលត្រូវការ។
ក្រុមបះបោរវាយដណ្តើមបានទីក្រុងចំនួន ៥ ក្នុងចំណោមខេត្តចំនួន ៣៤ នៅក្នុងប្រទេសក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ ឥឡូវនេះពួកគេកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិចដើម្បីកាន់កាប់តំបន់ចំនួន ៣ផ្សេងទៀតរួមទាំងទីក្រុង Lashkar Gah ជារដ្ឋធានីនៃខេត្ត Helmand ភាគខាងត្បូង និងទីក្រុង Kandahar ជារដ្ឋធានីរបស់ខេត្ត Kandahar ដែលនៅជិតខាង៕
អត្ថបទ៖ សុខមាន