នៅក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបិទសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ ផ្ដល់ទស្សនទាន៥ចំណុច នៅក្នុងការទប់ស្កាត់ព័ត៌មានក្លែងបន្លំឬដំណឹងក្លែងក្លាយ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឌីជីថលនិង បញ្ញាសិប្បនិម្មិត ត្រូវបានបង្កើតដោយមនុស្ស ប៉ុន្តែនៅក្នុងករណីខ្លះ មនុស្សបែរជាមិនអាចគ្រប់គ្រងបានទៅវិញ ដែលនេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវខិតខំធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធទាំងនេះ ដើម្បីតម្រង់ទិសដៅការប្រើប្រាស់ផ្ដល់នូវវិបាកជាវិជ្ជមានសម្រាប់ការរស់នៅ និងការអភិវឌ្ឍសង្គមជាតិ និងពិភពលោក។
ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ បានជំរុញឱ្យស្ថាប័នព័ត៌មានអាជីពត្រូវពង្រឹងគុណភាព និងដំណើរការរបស់ខ្លួន ឱ្យបានលឿនរហ័ស និងដោយប្រសិទ្ធភាពពេញលេញ ដោយការពង្រឹងនេះ នឹងជាចំណែកមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ឬព័ត៌មានមិនផ្លូវការនានាដែលគ្មានវិជ្ជាជីវៈជាបន្តបន្ទាប់តាមពេលវេលា។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ននេះ ការទប់ស្កាត់ព័ត៌មានក្លែងបន្លំឬដំណឹងក្លែងក្លាយ គឺជារឿងសំខាន់ណាស់។
ឯកឧត្ដមបណ្ឌិតក៏បានចូលរួមចែករំលែកទស្សនទានផ្ទាល់ខ្លួន៥ចំណុច ដើម្បីទប់ស្កាត់ព័ត៌មានក្លែងបន្លំឬដំណឹងក្លែងក្លាយ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្នដូចខាងក្រោម៖
១- អក្ខរកម្មព័ត៌មាន តាមរយៈការអប់រំអំពីរបៀបវាយតម្លៃប្រភពព័ត៌មាន ដើម្បីអាចបែងចែករវាងព័ត៌មានដែលអាចជឿបាននិងព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយ ព្រមទាំងលើកទឹកចិត្តដល់កម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជាក់ស្ដែងដូចការរៀបចំរបស់យើងនាពេលនេះ ដើម្បីបំពាក់ឱ្យបុគ្គលម្នាក់ៗនូវជំនាញដែលត្រូវការ ដើម្បីអាចវាយតម្លៃភាពជឿជាក់បាននៃព័ត៌មាន។
២- គុណភាពសារព័ត៌មាន ស្ថាប័នព័ត៌មានខ្លួនឯងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ព្រោះនៅពេលដែលមានការផ្តល់សារព័ត៌មានដែលមានគុណភាពខ្ពស់ នោះអង្គភាពព័ត៌មានក៏ទទួលបានការជឿទុកចិត្តពីសាធារណជន យើងឃើញថាការត្រួតពិនិត្យការណ៍ពិត គឺជាធាតុផ្សំដ៏សំខាន់ក្នុងការរក្សាលំហូរព័ត៌មានត្រឹមត្រូវ។
៣- ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងរដ្ឋាភិបាល អង្គភាពពត៌មាន ប្រព័ន្ធផ្សព្វផ្សាយ តួអង្គពាក់ព័ន្ធដទៃទៀត និងសាធារណជនទូទៅ។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយ មិនត្រឹមតែអាចជួយការពារមុខមាត់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារស្ថិរភាព និងវិបុលភាពនាពេលអនាគតផងដែរ។
៤- ធ្វើវិចារណកម្មព័ត៌មាន អង្គភាព/អ្នកព័ត៌មានទាំងអស់ត្រូវផ្សាយព័ត៌មានពិត ប៉ុន្តែមិនមែនគ្រប់រឿងពិតទាំងអស់ត្រូវតែផ្សព្វផ្សាយនោះទេ។
៥- ធ្វើពិពិធកម្មព័ត៌មាន សង្គមមនុស្សមិនអាចរស់គ្មានប្រភពព័ត៌មាននោះទេ ប៉ុន្តែប្រសិនបើមិនធ្វើពិពិធកម្មព័ត៌មាន ទាន់ពេលវេលា ស្ថាប័នព័ត៌មាននឹងហួសសម័យឬស្លាប់៕




