ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) អំពីការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយសារកង្វះទឹកស្អាត និងសីតុណ្ហភាពខ្ពស់។

ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាតមានកម្រិតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងកម្ដៅខ្លាំងនៅរដូវក្តៅជាបន្តបន្ទាប់ទៀតនេះ ហានិភ័យនៃការផ្ទុះជំងឺ និងការខ្សោះជាតិទឹកកំពុងកើនឡើង»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបន្ថែមថា «ការព្រួយបារម្ភពិតប្រាកដគឺអំពីការរីករាលដាលនៃជំងឺអាសន្នរោគ ដែលអាចធ្វើអោយស្ថានភាពរស់នៅកាន់តែធ្ងន់ធ្ងរ» ដោយសង្កត់ធ្ងន់លើតម្រូវការរបស់ប្រជាជននៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធដែលជាជម្រករបស់មនុស្សជាងពីរលាននាក់ សម្រាប់បទឈប់បាញ់ភ្លាមៗ។
ជំងឺអាសន្នរោគ គឺជាការឆ្លងមេរោគពោះវៀនតាមរយៈអាហារ និងទឹក ដែលមានបាក់តេរីនៃអាសន្នរោគ ជាធម្មតាមកពីការចោលកាកសំណល់មិនត្រឹមត្រូវ។ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែល បាននិងកំពុងធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបាននាំឱ្យមនុស្សស្លាប់ជាង ៣៦.០០០ នាក់ ព្រមទាំងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន៕

