ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសផែនការមួយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ដែលផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ (Mirage 2000) ជាមួយនិងការបណ្តុះបណ្តាលបើកយន្តហោះនោះផងដែរ។ លោក ម៉ាក្រុង បាននិយាយថា អ្នកបើកយន្តហោះអ៊ុយក្រែន នឹងត្រូវហ្វឹកហាត់នៅប្រទេសបារាំង នៅដើមរដូវក្តៅនេះ។

យន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ ដែលផលិតដោយបារាំង ត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងជំនាន់ទី៤ ដែលស្រដៀងនឹងយន្តហោះ F-16 ។ ក្រុមអ្នកផលិតរបស់បារាំងនិយាយថា យន្តហោះចំនួន ៦០០ គ្រឿងត្រូវបានផលិតឡើង ដោយខ្លះត្រូវបាននាំចេញទៅកាន់កោះតៃវ៉ាន់ ឥណ្ឌា និងកន្លែងផ្សេងទៀត។

បារាំង រួមជាមួយប្រទេសមួយចំនួនទៀត បានបង្ហាញការគាំទ្រសម្រាប់ការពង្រឹងសមត្ថភាពទ័ពអាកាសរបស់អ៊ុយក្រែន។ ប្រទេសជាច្រើនរួមទាំងហូឡង់ និងដាណឺម៉ាក បានប្រកាសផែនការផ្តល់យន្តហោះចម្បាំង F-16 ខណៈដែលស៊ុយអែត បានសន្យាផ្ដល់យន្តហោះឃ្លាំមើលឈ្លបយកការណ៍ និងប្រព័ន្ធគ្រប់គ្រងលើដែនអាកាស។
ប្រធានាធិបតីបារាំងរូបនេះក៏បានស្នើឱ្យមានការបណ្តុះបណ្តាលទាហានអ៊ុយក្រែន ចំនួន ៤.៥០០ នាក់ផងដែរដើម្បីបង្កើតកងពលតូចថ្មី ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតដូចជាថា តើគ្រូបង្វឹកទាហានជនជាតិបារាំង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ឬយ៉ាងណានោះទេ។ លោក ម៉ាក្រុង និយាយថា លោកនឹងប្រកាសពីភាពជាក់លាក់នៃជំនួយថ្មីនៅថ្ងៃសុក្រ (០៧ មិថុនា) នេះ នៅពេលដែលលោកជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy)៕
