អភិបាលក្រុងជាស្ត្រីនៅទីក្រុងភាគខាងលិចប្រទេសម៉ិកស៊ិក ត្រូវបានខ្មាន់កាំភ្លើងពួនស្ទាក់វាយប្រហារ សម្លាប់ បន្ទាប់ពីលោកស្រី ក្លៅឌៀ ស្សេនបូប(Claudia Sheinbaum) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញានៃរដ្ឋ Michoacan បាននិយាយថា លោកស្រី យ៉ូឡានដា សានឆេស(Yolanda Sanchez)ជាអភិបាលក្រុងកូទីចា(Cotija) ក្នុងរដ្ឋ មីឆៅខេន( Michoacan) ចាប់តាំងពីឆ្នាំ២០២១ ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើង នៅក្នុងទីក្រុង។
លោកស្រី និងអង្គរក្ស ដែលត្រូវបានគេបាញ់ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់នៅមន្ទីរពេទ្យ។ ការស៊ើបអង្កេតលើឧបទ្ទវហេតុកំពុងនៅបន្ត។
មានការគម្រាមកំហែង ជាបន្តបន្ទាប់ដល់បុគ្គលិករបស់សាលាក្រុង ខណៈមានការទាមទារ ពីក្រុមឧក្រិដ្ឋជនចំពោះអភិបាលក្រុង ថា កងទ័ពនិងឆ្មាំជាតិ មិនបានអនុវត្តភារកិច្ចសន្តិសុខ ហើយអភិបាលក្រុង បានរារាំងដល់កងកម្លាំងសហព័ន្ធ មិនឱ្យមានចំណាត់ការ ។
រដ្ឋអាជ្ញារបស់រដ្ឋ បាននិយាយថា ការទាមទារបែបនេះ មិនអាចបំពេញបានដោយអភិបាលក្រុងនោះទេ ហើយមានជម្លោះរវាងក្រុមជនអន្ធពាល សម្រាប់ការគ្រប់គ្រងដែនដីនៅជុំវិញទីក្រុង Cotija ។
ក្នុងអំឡុងពេលនៃការបោះឆ្នោតសកលរបស់ប្រទេសម៉ិកស៊ិក មានការបង្ហូរឈាមខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយមានការធ្វើឃាតបេក្ខជនគណបក្សនយោបាយចំនួន៣៩នាក់ មុនពេលការបោះឆ្នោតដែលត្រូវបានបិទ កាលពីថ្ងៃអាទិត្យ។
