ក្រុមអ្នកស្រុកក្នុងតំបន់ដែលមានឈ្មោះ «គណៈកម្មាធិការតស៊ូ» បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា មនុស្សជាង ១០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លើភូមិមួយនៅភាគកណ្តាលរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) នៃប្រទេសស៊ូដង់។

កងទ័ពស៊ូដង់ (SAF) ប្តេជ្ញាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហាររបស់កងកម្លាំង RSF នេះ ដែលធំបំផុតក្នុងចំណោមការវាយប្រហាររាប់សិបលើកដោយទាហាន RSF លើភូមិតូចៗនៅទូទាំងរដ្ឋកសិកម្មមួយនេះ បន្ទាប់ពីខ្លួនបានកាន់កាប់រដ្ឋធានី វ៉ាដ ម៉ាដានី (Wad Madani) របស់រដ្ឋនេះ ក្នុងខែធ្នូ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីស (Stephane Dujarric) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេត។ គណៈកម្មាធិការតស៊ូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើង «ដោយសារមានអ្នករបួសជាច្រើន ដោយខ្លះទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ» នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅក្នុងភូមិ វ៉ាដ អាល់-នួរ៉ា (Wad Al-Noura)។

ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ការប៉ះទង្គិចគ្នាទាំងនេះបានឆក់យកជីវិតមនុស្សជាង ១៥.៥០០នាក់ និងមនុស្សជាង ៨,៨ លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃ កិច្ចការមនុស្សធម៌ (UNOCHA) ដោយមិនរាប់បញ្ជូលការវាយប្រហារថ្មីនេះ៕
