វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦មិថុនាសប្ដាហ៍នេះ ថាប្រទេសលោកខាងលិចដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដើម្បីវាយប្រហារចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវជម្រះបញ្ជីជាមួយរុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin លើកឡើងថាលោកកំពុងពិចារណាផ្តល់អាវុធដល់សត្រូវរបស់លោកខាងលិច ជាការសងសឹក។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រដ្ឋ ថាលោក ជឿថា ការព្រមានរប់លោក Putin បានលិចលឺទៅដល់លោកខាងលិចមិនខាន ជាទីដែល លោកជឿថា ប្រទេសទាំងនោះបានស្វែងយល់រួចទៅហើយ។

ថ្លែងជាមួយនិពន្ធនាយកជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនៅទីក្រុង សេន ភីធ័រស្បើក (St Petersburg) កាលពីថ្ងៃពុធសប្ដាហ៍នេះ មេដឹកនាំរុស្ស៊ី រូបនេះ បាននិយាយថា ទីក្រុងមូស្គូកំពុងគិតអំពីការផ្តល់អាវុធរយៈចម្ងាយឆ្ងាយ ស្រដៀងគ្នាទៅនឹងអ្វីដែលលោកខាងលិចកំពុងផ្តល់ឲ្យអ៊ុយក្រែន ដល់សត្រូវរបស់លោកខាងលិចជុំវិញពិភពលោក។

នៅក្នុងការអត្ថាធិប្បាយរបស់លោក លោក Putin បានលើកឡើងពីមីស៊ីលរយៈចម្ងាយឆ្ងាយដែលត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងអង់គ្លេស។
ការអត្ថាធិប្បាយរបស់លោក បានលើកឡើងថា លោកអាចផ្គត់ផ្គង់អាវុធដល់ក្រុមប្រឆាំង សហរដ្ឋអាមេរិក ដូចជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលបានបាញ់គ្រាប់រ៉ូកែត និងយានដ្រូន ជាប្រចាំទៅកាន់កងទ័ពសហរដ្ឋអាមេរិក៕