ភ្នំពេញ ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកាប្រមាណជាង១០លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ(ឆ្នាំ២០២១–២០២២ និង២០២៣) ដើម្បីទិញថ្នាំ ប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តម អៀង មូលី បានឲ្យដឹងទៀតថា ការបង្កើនថវិការបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ និងដើម្បីជួយគាំទ្រដល់អង្គការសង្គមស៊ីវិល។ បើយើងនិយាយពីកំណើននៃថវិកាជាតិ ក្នុងកម្មវិធីប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ មកដល់សព្វថ្ងៃនេះ យើងមានជាង៣០% ដែលបានចូលរួម ដូចនេះនៅសល់តែជាង១៦%ទៀតប៉ុណ្ណោះ សម្រាប់បង្កើនថវិកាទិញថ្នាំ ប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តម ទេសរដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៥ ឬក្រោយឆ្នាំ២០២៥ យើងប្ដេជ្ញាទប់ស្កាត់ មិនឲ្យមានអ្នកឆ្លងមេរោគអេដស៍ថ្មី លើសពីម្នាក់ឡើយក្នុងមួយថ្ងៃ (មានន័យថា ៣៦០នាក់ ក្នុងមួយឆ្នាំ) ចាត់ទុកថាជោគជ័យរបស់កម្ពុជា។ ហើយយើងក៏មិនឲ្យមានអ្នកស្លាប់ ដោយសារជំងឺអេដស៍លើសពី៣នាក់ ក្នុងមួយថ្ងៃ។ ប៉ុន្តែបញ្ហានេះ យើងនៅតែមានការព្រួយបារម្ភ ដែលអាចមិនទទួលបានជោគជ័យទាំងអស់ ដូចដែលកម្ពុជា គ្រោងទុកនោះទេ។ ដោយសារតែមានកត្តាថ្មីមួយដែលមន្ត្រីយើងកំពុងដោះស្រាយ យកចិត្តទុកដាក់កែសម្រួលឡើង។ ដែលបច្ចុប្បន្ននេះ ក្នុងចំណោមយុវវ័យ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ពួកគាត់មានអត្រាឆ្លងខ្ពស់ជាង អត្រាជាតិ។ ព្រោះថាអត្រាជាតិ ចម្លងមាន០.៥% តែយុវវ័យស្រលាញ់ភេទដូចគ្នានេះ មានអត្រាឆ្លងរហូតដល់៤% និងចំនួនក៏មានច្រើន។ ដែលកាលពីឆ្នាំកន្លងទៅ មានមិនដល់៤ម៉ឺននាក់ទេ ប៉ុន្តែសព្វថ្ងៃនេះ មានយុវវ័យស្រលាញ់ភេទដូចគ្នានេះ មានរហូតដល់៩ម៉ឺននាក់ នេះជាកង្វល់របស់មន្រី្តយើង។ ទន្ទឹមនឹងនោះ អ្វីដែលត្រូវឆ្លើយតបបន្ទាប់ គឺយើងខិតខំឲ្យរាជរដ្ឋាភិបាល បង្កើនថវិកាទិញថ្នាំ និងបញ្ជ្រាបកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍តាមក្រសួង មន្ទីរ និងថ្នាក់ក្រោមជាតិ ដោយរុញការងារអេដស៍នេះដល់ថ្នាក់ឃុំ សង្កាត់។ ប្រសិនបើអនុវត្តន៍បាន នោះយើងនឹងទទួលបានជោគជ័យ ជាពិសេសគឺចីរភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍៕
អត្ថបទ ៖ រដ្ឋា


