សហរដ្ឋអាមេរិកបានប្រាប់អ៊ីស្រាអែលថា ត្រូវតែមានតម្លាភាពពេញលេញ ជុំវិញការវាយប្រហារតាមអាកាស ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់នៅសាលារៀន កណ្តាលដែនដីហ្កាហ្សា ដែលប្រមូលផ្តុំទៅដោយជនភៀសខ្លួន គេចពីសង្រ្គាមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ (Matthew Miller) បាននិយាយថា អ៊ីស្រាអែល បានប្រាប់យើងថា មានក្រុមសកម្មប្រយុទ្ធចន្លោះពី ២០ទៅ ៣០ នាក់ ដែលពួកគេកំពុងដាក់គោលដៅ ហើយខ្លួននឹងបញ្ចេញឈ្មោះក្រុមសកម្មប្រយុទ្ធទាំងនោះដែលពួកគេជឿថាត្រូវបានសម្លាប់ ។
ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានប្រាប់ ទូរទស្សន៍ BBC ថា យន្តហោះចម្បាំងបានបាញ់មីស៊ីល២គ្រាប់ ទៅលើថ្នាក់រៀននៅជាន់លើបំផុតនៃសាលារៀន ក្នុងជំរំជនភៀសខ្លួនទីក្រុង នូសេរ៉ាត់ (Nuseirat)។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារយ៉ាងជាក់លាក់ទៅលើបរិវេណក្រុមហាម៉ាស នៅក្នុងសាលារៀន ប៉ុន្តែការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សា បានបដិសេធការអះអាងនេះ។
សហរដ្ឋអាមេរិកបានអំពាវនាវឲ្យអ៊ីស្រាអែលកំណត់អត្តសញ្ញាណជាសាធារណៈលើក្រុមយុទ្ធជន ហាម៉ាស ដែលខ្លួនបាននិយាយថាបានសម្លាប់ ដូចដែលយោធាអ៊ីស្រាអែលបានប្រាប់ឈ្មោះពួកគេ ៩ នាក់ដែរ។
អ៊ីស្រាអែល តែងដាក់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធដែលខ្លួនដាក់គោលដៅក្នុងការវាយប្រហារតាមអាកាស ប៉ុន្តែជារឿងកម្រណាស់ ដែលសហរដ្ឋអាមេរិក ជំរុញឱ្យយោធាអ៊ីស្រាអែលកំណត់អត្តសញ្ញាណសាកសពក្រុមហាម៉សបែបនេះ៕
