ឆ្មាំល្បាតឆ្នេរហ្វីលីពីន នៅថ្ងៃសុក្រ (០៧ មិថុនា) នេះ បានចោទប្រកាន់សមភាគីចិន ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសសមាជិកកងកម្លាំងប្រដាប់អាវុធដែលមានជំងឺ នៅក្នុងសមុទ្រចិនខាងត្បូងដោយហៅការរំខាននោះថាជារឿង «ព្រៃផ្សៃ និងអមនុស្សធម៌»។

ឧប្បត្តិហេតុ ដែលហ្វីលីពីននិយាយថាបានកើតឡើងកាលពីខែមុន ពាក់ព័ន្ធនឹងសមាជិកនៃកងម៉ារីនតូចមួយក្រុមដែលបានប្រតិបត្តិការដើម្បីការពារនាវា ប៊ីអាភី សៀរ៉ា ម៉ាដ្រេ (BRP Sierra Madre) ដែលជានាវាហ្វីលីពីន ចូលចតនៅដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាទីតាំងនៃការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតជាមួយចិន កាលពីឆ្នាំមុន។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក ជេយ តារៀលឡា (Jay Tarriela) បាននិយាយថា ឆ្មាំល្បាតឆ្នេរ និងទូកតូចៗរបស់កងទ័ពជើងទឹកត្រូវបានរំខានដោយនាវាចិន ទោះបីជាបានជូនដំណឹងដល់ពួកគេថា ប្រតិបត្តិការនេះគឺមានលក្ខណៈវេជ្ជសាស្រ្តក៏ដោយ។ ស្ថានទូតចិនប្រចាំហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតកាលពីឆ្នាំមុន នៅជិតលក្ខណៈដែនទឹកជម្លោះដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។ ប្រទេសចិន តែងតែចោទប្រកាន់ហ្វីលីពីន ពីការទន្ទ្រានកាន់កាប់ ខណៈដែលទីក្រុងម៉ានីល និងសម្ព័ន្ធមិត្តបានរិះគន់នូវអ្វីដែលពួកគេហៅថាសកម្មភាពអរិភាពរបស់ទីក្រុងប៉េកាំង៕