បងថ្លៃស្រីរបស់លោក Hunter Biden បានផ្តល់សក្ខីកម្មនៅក្នុងការជម្រះក្តីបទព្រហ្មទណ្ឌរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រី បានរកឃើញសំណល់កូកាអ៊ីន និងកាំភ្លើង នៅក្នុងរថយន្តរបស់លោក ដែលជាសក្តានុពលជំរុញសំណុំរឿងរបស់រដ្ឋអាជ្ញាដែលថាកូនប្រុសរបស់ប្រធានាធិបតី លោក Joe Biden បានបំពានច្បាប់ដែលរារាំងអ្នកប្រើប្រាស់គ្រឿងញៀនមិនឲ្យកាន់កាប់អាវុធ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកនឹងមិនលើកលែងទោសដល់កូនប្រុសរបស់លោក លោក Hunter ប្រសិនបើត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ដែលរារាំងអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មិនឲ្យកាន់កាប់អាវុធ។
គណៈវិនិច្ឆ័យក្នុងការជម្រះក្តីបទព្រហ្មទណ្ឌលើកដំបូង លើកូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្តាប់សក្ខីកម្មនៅសប្តាហ៍នេះ ពីសាក្សីរួមទាំងបងថ្លៃស្រីរបស់លោក អ្នកស្រី Hallie Biden ជាស្ត្រីមេម៉ាយ។ អ្នកស្រី បានប្រាប់គណៈវិនិច្ឆ័យថា អ្នកស្រី បានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងកាំភ្លើងខ្លីមួយដើម ក្នុងពេលសម្អាតរថយន្តរបស់លោក។

លោក Hunter Biden បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទព្រហ្មទណ្ឌចំនួនបីករណី ដែលចោទប្រកាន់លោកថា ពុំបានបង្ហាញពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកបានទៅទិញកាំភ្លើងខ្លីក្នុងឆ្នាំ២០១៨ និងបានកាន់កាប់អាវុធដោយខុសច្បាប់។
យោងតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រសិនបើ លោក Hunter Biden ត្រូវបានកាត់ទោសលើបទចោទប្រកាន់ទាំងអស់ លោកអាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។