ជនអន្តោប្រវេសន៍មួយក្រុម បានចូលទៅជិតរបងដែកនៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិក។ បុរស និងស្ត្រីទាំងនេះ មួយចំនួនមានកូនតូចៗ ប្រជ្រៀតចូលតាមរបង និងចន្លោះផ្ទាំងថ្ម ហើយបានឆ្លងកាត់ចូលទៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។

ចំណតបន្ទាប់របស់ពួកគេ នឹងជាកន្លែងដែលពួកគេជួបប្រទះកងល្បាតនៅព្រំដែនសហរដ្ឋអាមេរិក ដែលនឹងឃាត់ខ្លួនពួកគេ ហើយនាំទៅកាន់មជ្ឈមណ្ឌលដំណើរការទិន្នន័យជនអន្តោប្រវេសន៍។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ព្រំដែន សានឌីហ្គោ-ម៉ិកស៊ិក បានក្លាយជាច្រកឆ្លងកាត់ដ៏មមាញឹកបំផុតមួយ សម្រាប់ជនអន្តោប្រវេសន៍ដែលស្វែងរកទីសុវត្ថិភាព និងឱកាសចូលទៅក្នុងសហរដ្ឋអាមេរិក។ វាជាដំណើរដ៏លំបាកក្នុងការឆ្លងកាត់វាលខ្សាច់ ហើយសម្រាប់ពួកគេជាច្រើន បានចាប់ផ្តើមធ្វើដំណើរដ៏វែងឆ្ងាយ។
ទិន្នន័យគយ និងអង្គភាពការពារព្រំដែន របស់សហរដ្ឋអាមេរិក បង្ហាញថា ក្នុងខែមេសា ការចាប់ខ្លួនជិត៣០ភាគរយ របស់អង្គភាពល្បាតព្រំដែននៅទូទាំងព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក គឺនៅទីនេះក្នុងទីក្រុង San Diego។
ការកើនឡើងជនអន្តោប្រវេសន៍ កំពុងដាក់សម្ពាធថ្មីលើ ប្រធានាធិបតី លោក Joe Biden ខណៈ គណបក្សប្រជាធិបតេយ្យ ស្វែងរកការបោះឆ្នោតជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា។
រដ្ឋបាលរបស់លោក Biden សង្ឃឹមថា ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែននឹងធ្លាក់ចុះ បន្ទាប់ពីការប្រកាសនៅសប្តាហ៍នេះនៃបម្រាមយ៉ាងទូលំទូលាយ ដែលបដិសេធជនអន្តោប្រវេសន៍ឆ្លងកាត់ដោយខុសច្បាប់ ចំពោះការទាមទារសិទ្ធិជ្រកកោន។ ជនអន្តោប្រវេសន៍ភាគច្រើននៅទីនេះក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នឹងដើរទៅកាន់កន្លែងទីចំហរ ហើយរង់ចាំ ភ្នាក់ងារល្បាតព្រំដែន។
