ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាមតំបន់ឆ្នេរ សមាគមទេសចរណ៍អាស៊ីបាស៊ីភិច PATA ប្រចាំនៅកម្ពុជា សភាឧស្សាហកម្មទេសចរណ៍ខេត្តត្រាតប្រទេសថៃ និងបណ្តាក្រុមធុរជនក្នុងវិស័យទេសចរណ៍ កម្ពុជា វៀតណាម និងថៃ Cambodia- Vietnam- Thai Economic Corridor (CVTEC) បានសហការសិក្សា និងសាកល្បងបើកកប៉ាល់ដឹកជញ្ជូនទេសចរតាមផ្លូវសមុទ្រពីខេត្តព្រះសីហនុប្រទេសកម្ពុជាទៅកាន់ខេត្តត្រាត ប្រទេសថៃ។
លោក ធួន សីណាន ប្រធានសមាគមទេសចរណ៍អាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែមិថុនាថា នៅក្នុងដំណើរតាមទូកកប៉ាលទេសចរណ៍ពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា មកដល់ខេត្តតា្រតប្រទេសថៃ ចូលរួមរៀបចំពិព័រណ៍ធុរកិច្ច ខេត្តត្រាត ឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) នៅខេត្តត្រាតប្រទេសចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមិថុនានេះបំណងសំខាន់ធ្វើការសិក្សា និងសហការបង្កើតឲ្យមានការផ្តល់សេវាទេសចរណ៍ និងពាណិជ្ជកម្ម តាមផ្លូវទឹកសមុទ្រដោយតភ្ជាប់ពី តំបន់ឆ្នេរ និងកោះនានានៅខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ប្រទេសកម្ពុជា មកកាន់តំបន់ ឆ្នេរ កោះ កុដ កោះឆាង កោះមាក់ នៅក្នុងខេត្តតា្រត ប្រទេសថៃ និងមិនធ្លាប់មានពីមុនមក។
លោក គន្ធា ភិរម្យ អ្នកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន GTVC Speed boat នៅខេត្តព្រះសីហនុ ថ្លែងថា មកដល់ពេលក្រុមហ៊ុនកប៉ាលទេសចរណ៍យើង គឺបានត្រៀមខ្លួន សហការជាមួយភាគីពាក់ព័ន្ធខេត្តត្រាត ប្រទេសថៃ ពង្រីកការផ្តល់សេវាដឹកជញ្ជូនទេសចរណ៍ និងទំនិញសេវាកម្មនានា ទៅមក តាមកោះឆ្នេរ តាមខេត្តនានានៅប្រទេសកម្ពុជា និងកោះឆ្នេរនានានៅខេត្តតា្រត ប្រទេសថៃ ។
លោកស្រី ស្រួង វិយ៉ាដា ប្រធានសភាឧស្សាហកម្មទេសចរណ៍ ខេត្តត្រាត ប្រទេសថៃ ថ្លែងថា នៅក្នុងឆ្នាំកន្លងមក មានទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរនានា បានធ្វើដំណើរតាមដងផ្លូវពីខេត្តត្រាត ទៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប រួចបន្តទៅទស្សនាតំបន់ឆ្នេរនៅប្រទេសវៀតណាម ប្រមាណជាង១២លាននាក់ ដែលផ្តល់ប្រភពចំណូលជាច្រើនជូនពលរដ្ឋតាមបណ្តាខេត្តជាប់តំបន់ឆ្នេរសមុទ្រ ហើយដើម្បីកុំឲ្យមានភាពដដែលៗ ក្រុមការងារ CVTEC បានចាប់ផ្តើមបង្កើតឲ្យមានចរាចរណ៍ទេសចរណ៍តាមផ្លូវទឹក ដើម្បីភ្ញៀវទេសចរទស្សនាតំបន់កោះឆ្នេរ ដ៏ស្រស់ត្រកាល ក្រោមការជំរុញពីគ្រប់ភាគីអាជ្ញាធរតាមខេត្តជាប់តំបន់ឆ្នេររបស់ប្រទេសយើងទាំងបី កម្ពុជា វៀតណាម ថៃ៕ អត្ថបទ ស៊ុម សុខជា