អ្នកបោះឆ្នោតហូឡង់ បានចាប់ផ្តើមការបោះឆ្នោតរយៈពេល ៤ ថ្ងៃនៅទូទាំងសហភាពអឺរ៉ុប ជាមួយនឹងការស្ទង់មតិបង្ហាញពីការប្រកួតប្រជែងដ៏តឹងតែងរវាងសម្ព័ន្ធភាពបៃតងឆ្វេងនិយម និងគណបក្សប្រជានិយមប្រឆាំងនឹងសាសនាអ៊ីស្លាមរបស់នាយករដ្ឋមន្រ្តីជាប់ឆ្នោតថ្មី លោក ហ្គឺត វីលឌឺស (Geert Wilders)។

គណបក្សស្តាំនិយម និងស្តាំជ្រុលនិយម ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងអាចទទួលបានការគាំទ្រយ៉ាងច្រើននៅក្នុងរដ្ឋជាសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប ហើយក្នុងនោះការគាំទ្រដ៏ច្រើនហាក់ដូចជាបានកើតចេញពីប្រទេសហូឡង់។

ទោះបីជាសម្ព័ន្ធភាពគណបក្ស ពលករបៃតង (Green-Labour) ត្រូវបានគេគិតថានឹងទទួលបានអាសនៈបន្ថែមទៀតនៅក្នុងសភាអឺរ៉ុប យោងតាមការស្ទង់មតិក៏ដោយ គណបក្សសេរីភាពរបស់លោក វីលឌឺស កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន។ នៅក្រោមច្បាប់អ៊ឺរ៉ុប លទ្ធផលចុងក្រោយមិនត្រូវបានចេញផ្សាយទេ រហូតដល់គ្រប់ប្រទេសទាំងអស់បានបោះឆ្នោតរួចនៅល្ងាចថ្ងៃអាទិត្យ (០៩ មិថុនា)។ ប្រជាជនអឺរ៉ុបប្រហែល ៣៧៣ លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រជាធិបតេយ្យដ៏ធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។

សភាអឺរ៉ុបបន្ទាប់ នឹងមានអាសនៈចំនួន ៧២០ ដោយប្រទេសនីមួយៗមានអាសនៈសមាមាត្រទៅនឹងចំនួនប្រជាជនរបស់ពួកគេ។ អាល្លឺម៉ង់ មាន ៩៦ អាសនៈ បារាំង ៨១ អាសនៈ និងអ៊ីតាលី ៧៦ អាសនៈ ខណៈដែលហូឡង់មាន ៣១ អាសនៈ។ ប្រទេសអៀរឡង់ ម៉ាល់តា និងសាធារណរដ្ឋឆេក នឹងបោះឆ្នោតនៅថ្ងៃសុក្រ (០៧ មិថុនា) នេះ ហើយប្រទេសផ្សេងទៀតនៃសហភាពអឺរ៉ុប នឹងបោះឆ្នោតនៅចុងសប្តាហ៍។
ការស្ទង់មតិរបស់ហូឡង់ ដែលបង្ហាញពីការប្រកួតប្រជែងដ៏ស្វិតស្វាញនោះ នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅទូទាំងទ្វីបអឺរ៉ុប សម្រាប់លទ្ធភាពនៃនិន្នាការដែលនឹងលេចឡើងនៅកន្លែងផ្សេងទៀតនៃទ្វីបនេះ ខណៈអ្នកបោះឆ្នោតជាច្រើនមានទំនោរបោះឆ្នោតទៅលើបញ្ហាជាតិ ដូចគ្នាទៅនឹងទំនោរបោះឆ្នោតលើបញ្ហាគោលនយោបាយអឺរ៉ុប៕