
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩រយៈពេល ១សប្ដាហ៍ទៀតចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះទៅ។
សេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងសេចក្ដីណែនាំមួយដែលទើបតែចេញនៅល្ងាចថ្ងៃនេះ។
ក្នុងសេចក្ដីណែនាំនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យុទ្ធនាការពង្រឹងការប្រយុទ្ធ និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ នឹងបន្តចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការនេះរយៈពេល ១៤ថ្ងៃដំបូង ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះ រហូតដល់ថ្ងៃទី១២ ខែសីហា។
សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានី និងខេត្តទាំងអស់ ត្រូវបន្តអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដែលចេញកាលពីចុងខែកក្កដាកន្លងមកនេះ ដែលសម្រេចឱ្យធ្វើយុទ្ធនាការពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបន្តអនុវត្តយុទ្ធនាការនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យនៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ប្រភេទដែលតា(Delta)ចូលទៅក្នុងសហគមន៍។
តួលេខរបស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស ៤២៩នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ប្រភេទដែលតាគិតចាប់តាំងពីថ្ងៃទី៣១ ខែមីនាកន្លងមក៕

