សាកលវិទ្យាល័យ ផេនស៊ីលវ៉ានា (Pennsylvania) នៅសហរដ្ឋអាមេរិក បានចេញច្បាប់បណ្ដោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ដែលគ្រប់គ្រងលើតវ៉ានៅក្នុងសាលា ហើយនេះជាលើកដំបូងហើយដែលការបោះជំរំតវ៉ាត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់។ ច្បាប់ថ្មីដែលនឹងចូលជាធរមានភ្លាមៗនោះ បានកើតឡើងតិចជាងមួយខែ បន្ទាប់ពីនគរបាលបានបោសសម្អាតជំរំតវ៉ាគាំទ្រប៉ាឡេស្ទីននៅសាកលវិទ្យាល័យនេះ ហើយចាប់ខ្លួនមនុស្ស ៣៣ នាក់។

ការបោះជំរំតវ៉ាប្រឆាំងនឹងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ជាច្រើនបានផ្ទុះឡើងនៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក កាលពីមួយរយៈមុន ដែលនាំឱ្យមានការចាប់ខ្លួនជាង ៣.០០០ នាក់ ចាប់តាំងពីពាក់កណ្តាលខែមេសា និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងនិស្សិត និងសាកលវិទ្យាល័យ។

ច្បាប់ថ្មីរបស់សាកលវិទ្យាល័យ ផេនស៊ីលវ៉ានា នោះបានឱ្យដឹងថា «ដើម្បីធានាសុវត្ថិភាពរបស់សហគមន៍សាកលវិទ្យាល័យ និងដើម្បីការពារសុខភាព និងទ្រព្យសម្បត្តិបុគ្គល ការបោះជំរំតវ៉ា និងបាតុកម្មពេលយប់មិនត្រូវបានអនុញ្ញាតនៅក្នុងទីតាំងសាកលវិទ្យាល័យឡើយ ដោយមិនគិតថាធ្វើឡើងនៅក្នុង ឬក្រៅបរិវេណសាលានោះទេ» ដោយបន្ថែមថា »សកម្មភាពពេលយប់ដែលគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការរំលោភបំពាន និងត្រូវបានដោះស្រាយតាមច្បាប់»។
រដ្ឋបាលរបស់សាកលវិទ្យាល័យបាននិយាយថា ច្បាប់ថ្មី ដែលនឹងត្រូវបានពិនិត្យដោយក្រុមការងារដឹកនាំដោយមហាវិទ្យាល័យក្នុងឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានដាក់ចេញជាការឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានភាពច្បាស់លាស់បន្ថែមទៀតអំពីអ្វីដែលត្រូវបានអនុញ្ញាតនៅក្នុងបរិវេណសាលា។ សាកលវិទ្យាល័យបាននិយាយថា និស្សិតដែលបំពានច្បាប់នឹងប្រឈមនឹងការដាក់វិន័យ ប៉ុន្តែមិនបានលម្អិតថាការដាក់វិន័យនោះបែបណាទេ៕