បន្ទាប់ពីការប្រកាសជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីរបៀបវារៈសម្រាប់អាណត្តិទី៣ របស់ខ្លួន ដោយគូសបញ្ជាក់ថាលោកនឹងបន្តផ្តោតលើការបង្កើនការត្រៀមខ្លួន និងកម្លាំងយោធារបស់ប្រទេស។

នោះគួរតែក្លាយជាដំណឹងល្អសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ខ្លួន ខណៈដែលពួកគេផ្តោតកាន់តែខ្លាំងលើការទប់ទល់ការទាមទារសិទ្ធិដែនសមុទ្រដែលកំពុងកើនឡើងរបស់ចិន និងអាកប្បកិរិយាអះអាងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក ម៉ូឌី បានប្រាប់អ្នកគាំទ្រនៅទីស្នាក់ការកណ្តាលរបស់គណបក្សបន្ទាប់ពីលទ្ធផលបោះឆ្នោតថា «រដ្ឋាភិបាលនឹងផ្តោតលើការពង្រីកការផលិត និងការនាំចេញការពារជាតិ»។ លោកបាននិយាយអំពីផែនការរបស់ខ្លួនក្នុងការបង្កើនសន្តិសុខ ដោយកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌា លើការនាំចូលអាវុធ ហើយថាឥណ្ឌានឹងមិនឈប់នោះទេ រហូតទាល់តែវិស័យការពារជាតិមានភាពគ្រប់គ្រាន់ដោយខ្លួនឯង»។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឥណ្ឌា ជាមួយសហរដ្ឋអាមេរិក បានពង្រីកយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក ម៉ូឌី ជាពិសេសតាមរយៈក្រុមសន្តិសុខចតុភាគីប្រទេស ឬហៅថា ក្វាដ (Quad) ដែលរួមមានអូស្ត្រាលី និងជប៉ុន។ ជំហាននេះជាប្រយោជន៍ពីរផ្លូវ ដោយទីមួយផ្តល់ឱ្យសហរដ្ឋអាមេរិក នូវដៃគូដ៏រឹងមាំនៅជិតប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោន បានហៅថាជា «មានការប្រកួតប្រជែងក្នុងល្បឿនដ៏លឿន» របស់ខ្លួន និងទីពីរគឺពង្រឹងភាពជឿជាក់លើវិស័យការពារជាតិរបស់ឥណ្ឌា ប្រឆាំងនឹងគូប្រជែងដ៏មានឥទ្ធិពល៕
