ភ្នំពេញ ៖ អន្តរក្រសួង ដែលរួមមាន មន្ត្រីមកពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីមកពីនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ រួមតាំងតំណាងមកពីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤នេះ បានចុះទៅពិនិត្យវាយតម្លៃ ក៏ដូចជាប្រគល់ទទួល និងបញ្ចប់សុពលភាពផ្លូវចំនួន៣គម្រោងស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ផ្លូវទាំង៣គម្រោងដែលសាងរួចរាល់នេះមានផ្លូវបេតុង ១គម្រោង និងផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២គម្រោង។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជា សមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះទៅពិនិត្យវាយតម្លៃ ក៏ដូចជាប្រគល់ទទួល និងបញ្ចប់សុពលភាពផ្លូវចំនួន ៣គម្រោង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សម្រាប់គម្រោងទី១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ឬស្សីជ្រោយ និងឃុំរកាកោង ២ ស្រុកមុខកំពូល ជាផ្លូវក្រាលបេតុងចំនួន៣ខ្សែ ប្រវែងសរុប ៩០៧ម៉ែត្រ ទទឹង ៨ម៉ែត្រ និង ៣ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលបណ្តោយផ្លូវប្រវែង ៦៣២ម៉ែត្រ និងអណ្តូងលូ ចំនួន ១៤កន្លែង។
គម្រោងទី២ គឺស្ថិតក្នុងឃុំ កំពង់ឱស ស្រុកពញាឮ ជាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ។ គម្រោងនេះក៏មានការសាងសង់ លូប្រអប់មុខបួន និង លូប្រអប់មុខបី។
សម្រាប់គម្រោងទី៣ ជាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកំពង់ចំលង ប្រវែង ៣ ១០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ រួមទាំងមានការសាងសង់លូប្រអប់មុខបួន និងលូមូលមុខមួយផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ទទួលអត្ថប្រយោជន៍ពី ផ្លូវទាំង ៣គម្រោងនេះ បានបង្ហាញនូវក្ដីរីករាយជាខ្លាំង ដែលទទួលបានផ្លូវស្អាតដូចពេលបច្ចុប្បន្ន។ ពួកគេលើកឡើងថាផ្លូវថ្មីនេះជួយឱ្យពួកគេងាយស្រួលធ្វើដំណើរ ងាយស្រួលប្រកបអាជីវកម្ម។
សូមជម្រាបថាផ្លូវទាំង៣គម្រោងនេះក្រោយប្រគល់ទទួល និងបញ្ចប់សុពលភាពដោយ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ភារកិច្ចបន្ត ក្នុងការថែទាំផ្លូវទាំង ៣គម្រោងនោះ គឺជាអាជ្ញាធរមូលដ្ឋាន។
អត្ថបទ៖គឹមហុក








