បាល់ទាត់៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជានឹងត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U-23 Asian Cup 2022) ជាមួយជប៉ុន និងហុងកុង បន្ទាប់ពីហុងកុងត្រូវបានចាប់ឆ្នោតបង្គ្រប់ពូល K ក្នុងវគ្គជម្រុះពានរង្វាន់យុវជនជើងឯកអាស៊ីនេះជំនួសកៅអីក្រុម U23 កូរ៉េខាងជើងដែលបានដកខ្លួនកាលពីថ្មីៗ។

ការចាប់ឆ្នោតនេះបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី១១ ខែសីហាម្សិលមិញ បន្ទាប់ពីកូរ៉េខាងជើងបានដកខ្លួនពីពូល K ដែលនាំឲ្យពូលនេះសល់ត្រឹម ២ក្រុមគឺកម្ពុជា និងជប៉ុន។ ដោយហេតុនេះដើម្បីអាចបន្ដការប្រកួតពូលនេះបាន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក៏បានសម្រេចធ្វើការចាប់ឆ្នោតពូល G, H, I និងពូល J ចំនួន ៨ក្រុមដើម្បីស្វែងរក ១ក្រុមមកបង្គ្រប់ពូល K ឲ្យបាន ៣ក្រុមឡើងវិញ។ ចំពោះ ៨ក្រុមដែលត្រូវបានជ្រើសរើសចូលមកចាប់ឆ្នោតឡើងវិញ រួមមានពូល G មានចិន និងព្រុយណេ, ពូល H មានទីម័រខាងកើត និងហ្វីលីពីន, ពូល I មានមីយ៉ាន់ម៉ា និងហុងកុង និងពូល J មានម៉ាឡេស៊ី និងឡាវ។ ជាលទ្ធផលហុងកុងដែលស្ថិតក្នុងពូល I បានចាប់ឆ្នោតចូលមកពូល K ជាមួយកម្ពុជា និងជប៉ុន ធ្វើឲ្យពូល I នៅសល់បេក្ខភាពប្រកួតប្រជែងត្រឹម ៣ក្រុមដូចគ្នា រួមមានវៀតណាម មីយ៉ាន់ម៉ា និងឆាយនីសតៃប៉ិ។
ចំពោះកម្មវិធីប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup 2022 គ្រោងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ក្នុងនោះកម្ពុជាត្រូវជួបហុងកុងនាថ្ងៃទី២៧-តុលា និងជួបជប៉ុននាថ្ងៃទី២៩-តុលា។ សម្រាប់ក្រុមឈរលេខ១ នៃពូលនីមួយៗ រួមទាំងក្រុមឈរលេខ២ ល្អជាងគេចំនួន ៤ក្រុមក្នុងចំណោម ១១ពូលនឹងបានឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអ៊ូបេគីស្ថាននាឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា