
ក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាប្រមាណ ២២៥ លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងកញ្ចប់ថ្មីមួយរួមមានគ្រាប់រំសេវ ដែលកងកម្លាំងរបស់ទីក្រុងគីវ អាចប្រើ ដើម្បីវាយប្រហារការគំរាមកំហែង នៅក្នុងប្រទេសរុស្ស៊ី ដើម្បីការពារទីក្រុងខាគីវ ពីការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី។
ក្រុមមន្ត្រី បាននិយាយថា ជំនួយនេះរួមមានគ្រាប់បែកសម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ឬ HIMARS ព្រមទាំងប្រព័ន្ធកាំភ្លើងត្បាល់ និងកាំភ្លើងធំបាញ់បានជាច្រើនគ្រាប់ផងដែរ។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីជំនួយ ដែលមិនទាន់បានប្រកាសជាសាធារណៈ។
ក្រោមការណែនាំថ្មីរបស់សហរដ្ឋអាមេរិក អ៊ុយក្រែនអាចប្រើប្រាស់អាវុធបែបនេះ ដើម្បីវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើកងកម្លាំងនៅទីនោះ កំពុងវាយប្រហារ ឬត្រៀមវាយប្រហារ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចនោះ មិនផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលដឹកនាំអ៊ុយក្រែនមិនឲ្យប្រើប្រាស់ប្រព័ន្ធមីស៊ីតាក់ទិចកងទ័ព (ATACMS) ដែលផ្តល់ដោយអាមេរិក ឬ មីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវផ្សេងទៀត ដើម្បីវាយប្រហារវាយលុក នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក។
កញ្ចប់ជំនួយថ្មីនេះ កើតឡើងនៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន បានប្រើសុន្ទរកថារបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ នៅកន្លែងបញ្ចុះសពអាមេរិកក្នុងទីក្រុង Normandy ក្នុងខួបលើកទី៨០នៃថ្ងៃកងទ័ពឡើងគោក (D-Day) ដើម្បីបេ្តជ្ញាថា សហរដ្ឋអាមេរិក នឹងមិនដើរចេញ» ពីការការពារអ៊ុយក្រែន និងមិនអនុញ្ញាតឲ្យរុស្ស៊ីគំរាមកំហែងអឺរ៉ុបបន្ថែមទៀតទេ។ លោក បាននិយាយថា ដើម្បីធ្វើដូច្នេះបាន មានន័យថា សហរដ្ឋអាមេរិក បានភ្លេច«អ្វីដែលបានកើតឡើងនៅទីនេះ នៅលើឆ្នេរដ៏ពិសិដ្ឋទាំងនេះ»។