
ក្រុមសកម្មប្រយុទ្ធហ៊ួទី បានបាញ់មីស៊ីលថ្មីមួយហៅថា ប៉ាឡេស្ទីន ដែលត្រូវបានគេជឿថា អាចហោះក្នុងល្បឿនលឿនជាងសំឡេង ទៅលើអ៊ីស្រាអែល។
ក្រុមឧទ្ទាមដែលមានមូលដ្ឋាននៅយេម៉ែន បានកំណត់គោលដៅទីក្រុងកំពង់ផែ Eilat ភាគខាងត្បូងជាមួយនឹងមីស៊ីលថ្មី កាលពីថ្ងៃចន្ទ។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើងក្នុងប្រទេសអ៊ីស្រាអែល ក្នុងការឆ្លើយតបនឹងការវាយប្រហារនេះ បើទោះបីជាពុំមានការខូចខាតឬរបួស ត្រូវបានគេរាយការណ៍ឡើយក៏ដោយ។
មីស៊ីលនេះ ទំនងជាស្រដៀងនឹងមីស៊ីលអ៊ីរ៉ង់ ដែលបានដាក់តាំងបង្ហាញ កាលពីដើមឆ្នាំនេះ។
រូបភាពវីដេអូដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធ បានអះអាងថា បង្ហាញពីការបាញ់មីស៊ីលប៉ាឡេស្ទីន ដែលក្បាលគ្រាប់របស់វា ត្រូវបានលាបពណ៌ដូចក្រមាប៉ាឡេស្ទីនមានក្រឡា Keffiyeh។
ក្រុមអ្នកជំនាញ និយាយថា វាគឺជាមីស៊ីលឥន្ធនៈរឹងដែលអាចវាយប្រហារទៅលើគោលដៅជាក់លាក់ ហើយទំនើបជាងមីស៊ីលដែលផ្ទុកឥន្ធនៈរាវ ដែលក្រុមហ៊ួទីបានប្រើ រហូតមកដល់បច្ចុប្បន្ននេះ។
មីស៊ីលឥន្ធនៈរឹង អាចត្រូវបានដំឡើង និងបាញ់បានយ៉ាងឆាប់រហ័ស ដែលជាបញ្ហានៃការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ួទី ខណៈដែលការវាយប្រហារដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃសម្ព័ន្ធអន្តរជាតិ បានបង្កឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង។