ឥណ្ឌា៖ មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងជាប់នៅក្រោមគំនរកម្ទេចកំទី បន្ទាប់ពីបំណាក់ដីនៅក្នុងស្រុកតំបន់ភ្នំហិមាល័យ ក្នុងប្រទេសឥណ្ឌាភាគខាងជើង។ ផ្ទាំងថ្មៗដែលបាក់ធ្លាក់បានសង្កត់លើរថយន្តដឹកទំនិញមួយគ្រឿង រថយន្តក្រុងមួយគ្រឿង និងរថយន្តផ្សេងទៀតពីផ្លូវហាយវេក្នុងរដ្ឋ Himachal Pradesh។

ក្រុមមន្ត្រីនិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងត្រូវបានរារាំងដោយដុំថ្មដែលកំពុងបន្តធ្លាក់។ បំណាក់ដីដែលបានសម្លាប់មនុស្សជាច្រើន បានវាយប្រហារប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អំឡុងរដូវមូសុងដែលខុសពីធម្មតា។ បំណាក់ដីកាលពីថ្ងៃពុធបានកើតឡើងនៅលើផ្លូវហាយវេមួយក្នុងស្រុក Kinnaur។ មនុស្ស ៥នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែប្រហែល ៣០នាក់ផ្សេងទៀតនៅតែជាប់នៅឡើយ។
គួររម្លឹកថា មនុស្ស ៩នាក់បានស្លាប់កាលពីខែមុននៅរដ្ឋ Himachal Pradesh នៅពេលដែលផ្ទាំងដុំថ្មធ្លាក់ចំរថយន្តរបស់ពួកគេ។ មនុស្សយ៉ាងតិច ១៣៦នាក់បានស្លាប់ដោយសារបំណាក់ដីនៅរដ្ឋ Maharashtra ភាគខាងលិចកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបានជន់លិចភូមិរាប់រយ ហើយបានហូរកួចផ្ទះសម្បែង៕
អត្ថបទ៖ សុខមាន