
សហជីព Samsung Electronics ក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើកូដកម្មជាលើកដំបូង នាថ្ងៃសុក្រ នៅឯក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ប៉ុន្តែអ្នកវិភាគមួយចំនួនមិនបានរំពឹងថា វិធានការរបស់បុគ្គលិក ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗ នឹងមានផលប៉ះពាល់ខ្លាំងដល់ការផលិតកម្មបន្ទះឈីបនោះទេ។
សហជីព Samsung Electronics ជាតិ ឬ NSEU ដែលមានសមាជិកប្រហែល ២៨.០០០នាក់ ឬច្រើនជាង ១ភាគ៥នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុន បាននិយាយថា ខ្លួននឹងឈប់ធ្វើការមួយថ្ងៃ ដែលជាផ្នែកនៃវិធានការតវ៉ាដ៏ទូលំទូលាយ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce បានលើកឡើងថា ខ្លួនមិនបានឃើញថា កូដកម្មនេះប៉ះពាល់ដល់ដំណើរការផលិតបន្ទះឈីបអង្គចងចាំ DRAM និង NAND Flash នោះទេ ហើយក៏មិនបង្កឲ្យមានកង្វះខាតនៃការដឹកជញ្ជូននោះដែរ។ ក្រុមហ៊ុន Trendforce បានកត់សម្គាល់ថា ការសម្រេចមិនធ្វើការនេះ មានពាក់ព័ន្ធនឹងបុគ្គលិកនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung ក្នុងទីក្រុងសេអ៊ូល ជាជាងអ្នកដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងផលិតកម្ម។
កូដកម្មនេះក៏គ្រោងធ្វើតែមួយថ្ងៃប៉ុណ្ណោះ ហើយកើតមានឡើងនៅថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកជាសាធារណៈ ដែលមានន័យថា បុគ្គលិកមួយចំនួនបានដាក់ពាក្យសុំឈប់សម្រាករួចហើយ។ ផលិតកម្មក៏ដំណើរការដោយស្វ័យប្រវត្តិយ៉ាងខ្លាំងក្លាដែរ ដែលមានន័យថា កូដកម្មទំនងជាមិនមានផលប៉ះពាល់ច្រើននោះទេ។
សូមបញ្ជាក់ថា កម្មករបានចូលរួមក្នុងការតវ៉ាជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនក្នុងទីក្រុងសេអ៊ូល ក៏ដូចជានៅខាងក្រៅទីកន្លែងផលិតបន្ទះឈីបរបស់ក្រុមហ៊ុន នៅទីក្រុង Hwaseong ភាគខាងត្បូងនៃទីក្រុងសេអ៊ូល៕