
ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឲ្យជម្លៀសកុមារ និងអាណាព្យាបាលរបស់ពួកគេចេញពីទីក្រុង និងភូមិមួយចំនួន នៅក្នុងតំបន់ដូណិតស្ក៍ ( Donetsk) ភាគខាងកើត ជាកន្លែង ដែលការប្រយុទ្ធគ្នាជាមួយរុស្ស៊ីកាន់តែខ្លាំងឡើង។
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី បាននិយាយថា កងកម្លាំងរបស់រុស្ស៊ីឥឡូវនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ដូណិតស្ក៍ ដែលវិមានក្រឹមឡាំង បានអះអាងថា បានបញ្ចូលទៅក្នុងឧបសម្ព័ន្ធក្នុងឆ្នាំ ២០២២ ទោះបីជាមិនមានការគ្រប់គ្រងពេញលេញលើតំបន់នេះក៏ដោយ។
អភិបាលតំបន់ដូណិតស្ក៍ លោក Vadym Filashkin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«នេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលត្រូវបានបង្កើតឡើងជាចម្បង ដើម្បីជួយសង្គ្រោះជីវិតរបស់កូនៗរបស់យើង»។
លោកបានបន្ថែមថា៖«ស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនឥតឈប់ឈរ ហើយកម្លាំងនៃការបាញ់ផ្លោងក៏កាន់តែកើនឡើងថែមទៀត»។
លោកបានចុះបញ្ជីនូវទីក្រុង Lyman ដែលត្រូវបានកាន់កាប់យ៉ាងខ្លីដោយកងកម្លាំងរុស្ស៊ី មុនពេលត្រូវបានដណ្តើមយកមកគ្រប់គ្រងវិញ ក៏ដូចជាភូមិជាច្រើនទៀត នៅជិតខ្សែត្រៀមជួរមុខ រួមទាំងភូមិ Progres ផងដែរ។