បាល់ទាត់៖ ក្រុមអាស៊ីអឺរ៉ុបយូណាយធីតទំនងនាំយកកីឡាករបរទេស ២រូបមកពង្រឹងក្រុមនៅជុំទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីធ្លាយដំណឹងខ្សែប្រយុទ្ធស្នូលរបស់ខ្លួន Abee Ndioo Hurber ត្រូវចាកចេញនៅជុំទី២ កាលពីថ្មីៗ។

កីឡាករបរទេស ២រូបដែលត្រូវបានគេមើលឃើញបានចូលរួមធ្វើតេស្ដ ជាមួយក្រុមអាស៊ីអឺរ៉ុប កាលពីថ្មីៗរួមមានខ្សែប្រយុទ្ធនីហ្សេរីយ៉ា Rasheed Omokafe Adeyanju និងកីឡាករ Okoro Matthew Osa ដែលជាកីឡាករមានបទពិសោធន៍ជោគជាំនៅលីគកំពូលកម្ពុជា តាមរយៈការលេងឲ្យក្លិបមួយចំនួននាពេលកន្លងមក។ តាមការបង្ហើបឲ្យដឹង ក្រៅពីកីឡាករបរទេស Omokafe និង Matthew Osa ក្រុមកំពុងឈរលេខរៀងទី៩ ក្នុងលីគបណ្ដោះអាសន្ននេះ ក៏នឹងបន្ថែមកីឡាករក្នុងស្រុកមួយចំនួននៅជុំទី២ ផងដែរ ប៉ុន្ដែមិនមានការនាំចូលពីក្រៅនោះទេ ពោលគឺជ្រើសរើសចេញពីក្រុមយុវជនថ្នាល U-18 របស់ខ្លួនផ្ទាល់តែម្ដង។

គួរដឹងថា ការត្រៀមជើងព្រួលនាំចូលកីឡាករបរទេសរបស់ក្រុមអាស៊ីអឺរ៉ុបនេះ បន្ទាប់ពីកីឡាករ Abee Ndjoo Hurber បានបង្ហោះសារមួយកាលពីថ្មីៗ ដោយបង្ហាញពីការចុះកុងត្រាជាមួយក្លិបបឹងកេត ប៉ុន្ដែភ្លាមៗសារនោះក៏ត្រូវបានខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ុនរូបនេះលុបចោលវិញ ខណៈមកទល់ពេលនេះគេពុំទាន់ឃើញបឹងកេតប្រកាសជាផ្លូវការនោះទេ ដ្បិតការប្រកួតលីគជុំទី១ មិនទាន់បញ្ចប់នៅឡើយ៕
អត្ថបទ៖ លី ឈុនឡា