
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា អាល្លឺម៉ង់នឹងចាប់ផ្តើមនិរទេសឧក្រិដ្ឋជនដែលមកពីអាហ្វហ្គានីស្ថាន និងស៊ីរីម្តងទៀត បន្ទាប់ពីការវាយប្រហារដោយកាំបិតពីជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន បានធ្វើឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ និង ៤នាក់ទៀត រងរបួស។
ការវាយប្រហារដ៏ឃោរឃៅនៅទីក្រុង Mannheim ដែលត្រូវបានថតជាប់ក្នុងវីដេអូ ហើយត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតាមអនឡាញ បានធ្វើឲ្យប្រទេសនេះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក សូល បាននិយាយទៅកាន់សភា នៅក្នុងសុន្ទរកថាដែលផ្តោតលើសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលប៉ុន្មានថ្ងៃ មុនការបោះឆ្នោតនៅអឺរ៉ុប ដែលក្រុមស្តាំនិយមនៅទូទាំងទ្វីបនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានផលចំណេញយ៉ាងច្រើន។
លោកអធិការបតី បានថ្លែងកាន់សមាជិកសភាថា៖«ការវាយប្រហារនោះ ធ្វើឲ្យខ្ញុំខឹង នៅពេលដែលនរណាម្នាក់ ដែលបានស្វែងរកការការពារនៅទីនេះ ប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។ ឧក្រិដ្ឋជនបែបនេះ គួរតែត្រូវបាននិរទេស បើទោះបីជាពួកគេមកពីប្រទេសស៊ីរី និងអាហ្វហ្គានីស្ថានក៏ដោយ»។
អ្នកវាយប្រហារអាយុ ២៥ឆ្នាំ ដែលបានសម្លាប់មន្ត្រីនគរបាល អាយុ ២៩ឆ្នាំ ដែលកំពុងព្យាយាមឃាត់គាត់ បានមកដល់ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ២០១៤ ក្នុងនាមជាអ្នកស្វែងរកសិទ្ធិជ្រកកោន។
លោក សូល បានបន្ថែមថា៖«ឧក្រិដ្ឋជនពិតប្រាកដ និងការគំរាមកំហែងភេរវកម្ម មិនមានកន្លែងនៅទីនេះទេ»។ «ក្នុងករណីបែបនេះ ផលប្រយោជន៍សន្តិសុខរបស់អាល្លឺម៉ង់ គឺសំខាន់ជាងផលប្រយោជន៍របស់ជនល្មើស»។