
សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានអំពាវនាវឲ្យចលនាហាម៉ាសឥស្លាមប៉ាឡេស្ទីន ទទួលយកផែនការដែលបានបង្ហាញដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នាពេលថ្មីៗនេះ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។
ពួកគេគាំទ្រទាំងស្រុងចំពោះសំណើដ៏ទូលំទូលាយនេះ បើយោងតាមលិខិតរួមមួយ ដែលបានចេញផ្សាយដោយវិមាន Élysée កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
នៅខាងក្រៅនៃទិវារំលឹកខួបលើកទី៨០នៃថ្ងៃកងទ័ពឡើងគោក(D-Day) នៅទីក្រុង Normandy ប្រទេសបារាំង មេដឹកនាំនៃប្រទេសទាំង៤ បានអំពាវនាវឲ្យក្រុមហាម៉ាស បង្ហាញពីកិច្ចព្រមព្រៀងពេញលេញរបស់ខ្លួន និងដើម្បីឲ្យផែនការនេះ ត្រូវបានអនុវត្តភ្លាមៗ។
សំណើដែលដាក់ចេញដោយលោក បៃដិន កាលពីសប្តាហ៍មុន មានគោលបំណងបញ្ចប់សង្រ្គាមនៅហ្កាហ្សា ជាបីដំណាក់កាល។ ទី១ គឺធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ពេញលេញ និងគ្មានការរឹតបន្តឹងរយៈពេល ៦ សប្តាហ៍។ នេះគឺដើម្បីឈានទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ក្នុងដំណាក់កាលទី២។ យោងតាមសេចក្តីព្រាងនេះ លក្ខខណ្ឌសម្រាប់ការបញ្ចប់សង្គ្រាមនេះ ត្រូវចរចាក្នុងអំឡុងពេលបទឈប់បាញ់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បានបញ្ជាក់ថា ខ្លួននឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយ ប្រសិនបើបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ ត្រូវបានយល់ព្រមនោះ។
ប្រទេសអាល្លឺម៉ង់ អាមេរិក អង់គ្លេស និងបារាំង ក៏បានអំពាវនាវឲ្យមានការជួយជ្រោមជ្រែងកាន់តែខ្លាំងចំពោះប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa។