
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី៧ ខែមិថុនា) បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់គ្រាប់រ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិល នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ហើយថា ប្រទេសនេះត្រូវទទួលខុសត្រូវ ចំពោះការស្លាប់របស់ស្ត្រី និងកុមារ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងពីការចោទប្រកាន់នេះ នៅឯសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅខាងក្រៅវេទិកាសេដ្ឋកិច្ច នាទីក្រុង St Petersburg។ លោកស្រីបាននិយាយថា បំណែកគ្រាប់រ៉ុក្កែត HIMARs នឹងត្រូវបានយកទៅធ្វើជាភស្តុតាងនៃអ្វីដែលបានកើតឡើងនេះ។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះឡើយនូវការអះអាងនេះ ហើយមិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែន ឬសហរដ្ឋអាមេរិកនោះទេ៕