
មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃនៅវាលទំនាប Pantanal របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ជិត ១០ដង បើធៀបនឹងកាលពីឆ្នាំ ២០២៣ ស្របពេលជិតកើតមានគ្រោះរាំងស្ងួត ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ទិន្នន័យផ្កាយរណបផ្លូវការ បង្ហាញពីការកើនឡើង ៩៨០ភាគរយនៃភ្លើងឆេះព្រៃនៅវាលទំនាប Pantanal រហូតមកដល់ថ្ងៃទី ៥ ខែមិថុនា នេះបើធៀបនឹងពេលវេលាតែមួយ កាលពីរយៈពេល ១ឆ្នាំមុន ។
តួលេខនេះ បានធ្វើឲ្យមានការប្រកាសអាសន្នផងដែរ ស្របពេលរដូវភ្លើងឆេះព្រៃខ្លាំងបំផុត ជិតមកដល់ ។ វាគឺជាកម្រិតខ្ពស់បំផុតដែលគេមើលឃើញ ចាប់តាំងពីឆ្នាំ ២០២០ ។
ភ្លៀងតិចចាប់តាំងពីចុងឆ្នាំមុន បណ្តាលឲ្យដីស្ងួតគ្មានសំណើមនៅវាលទំនាប Pantanal ងាយនឹងរងគ្រោះដោយសារភ្លើងឆេះព្រៃ ។
លោក Marcio Yule គឺជាមន្រ្តីមកពីក្រសួងបរិស្ថានប្រេស៊ីល និយាយថា នៅក្នុងវាលទំនាប Pantanal ដែលជាវាលទំនាបត្រូពិកធំជាងគេបំផុតរបស់ពិភពលោក រាល់ពេលដែលភ្លើងឆេះព្រៃកើតឡើង គឺពិបាកពន្លត់ខ្លាំងណាស់ ដោយសារតែស្ថានភាពភូមិសាស្រ្ត ។
លោកបន្តថា វាគឺជាតំបន់វាលទំនាបដែលពិបាកចូលទៅដល់ ធ្វើឲ្យពួកយើងមិនងាយពន្លត់ភ្លើងឆេះព្រៃទាំងអស់នេះឡើយ ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ ភ្លើងឆេះព្រៃជាង ៤ពាន់លើក ត្រូវបានរកឃើញនៅក្នុងវាលទំនាប Pantanal ពោលគឺច្រើនជាងកម្រិតមធ្យមភ្លើងឆេះព្រៃ ៥៨៤លើក ៕