
ប្រទេសជប៉ុនបានដាក់ការតវ៉ាផ្លូវការប្រឆាំងនឹងទីក្រុងប៉េកាំង នៅថ្ងៃសុក្រ (ទី៧ ខែមិថុនា) នេះ បន្ទាប់ពីនាវាឆ្មាំសមុទ្រចិនប្រដាប់ដោយអាវុធចំនួន ៤គ្រឿង បានចូលទៅក្នុងដែនទឹកដែលទីក្រុងតូក្យូចាត់ទុកថា ជាដែនដីរបស់ខ្លួន។
រដ្ឋាភិបាលជប៉ុន បាននិយាយថា នេះគឺជាលើកទី១ ហើយ ដែលនាវាចិន ៤គ្រឿងផ្ទុកនូវអ្វីដែលទំនងជាកាណុងបាញ់ទឹកចូលដែនទឹករបស់ខ្លួន ក្នុងសមុទ្រចិនខាងកើត ជុំវិញប្រជុំកោះដែលមានជម្លោះ ដែលទីក្រុងតូក្យូឲ្យឈ្មោះថា Senkaku ហើយទីក្រុងប៉េកាំងហៅថា Diaoyu។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានខុទ្ទកាល័យ លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំមិនមានតួនាទីក្នុងការបញ្ជាក់ពីចេតនារបស់ភាគីចិននោះទេ ប៉ុន្តែការរំលោភចូលពីនាវាដែលជាកម្មសិទ្ធិរបស់ឆ្មាំសមុទ្ររបស់ប្រទេសចិនក្នុងដែនដី (របស់យើង) គឺជាការបំពានច្បាប់អន្តរជាតិ»។
ចំណែកឆ្មាំសមុទ្ររបស់ចិន បាននិយាយដាច់ដោយឡែកថា ខ្លួនបានល្បាតដែនទឹកជាមួយនឹងនាវាដែលផ្ទុកអាវុធ។
លោក Hayashi បាននិយាយថា ទីក្រុងតូក្យូបានដាក់ «ការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លា» តាមរយៈបណ្តាញការទូត ដោយអំពាវនាវឲ្យមានការចាកចេញយ៉ាងឆាប់រហ័សពីតំបន់នោះ។ លោកបានបន្តថា នាវាទាំង ៤នោះ បានស្ថិតនៅក្នុងតំបន់នេះអស់រយៈពេលជាង ១ម៉ោង ហើយបានចាកចេញភ្លាមៗ បន្ទាប់ពីថ្ងៃត្រង់។
គួរបញ្ជាក់ថា ប្រទេសទាំង២ បានប្រឈមមុខគ្នាម្តងហើយម្តងទៀត ជុំវិញប្រជុំកោះគ្មានមនុស្សរស់នៅដែលគ្រប់គ្រងដោយប្រទេសជប៉ុន៕