
អ្នកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយនៅថ្ងៃសុក្រនេះថា ទីក្រុងម៉ូស្គូ ឃ្លាំមើលយ៉ាងដិតដល់ស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ។
អ្នកស្រីនិយាយថា ពួកយើងអង្កេតដោយភាពសោកស្តាយ និងក្តីកង្វល់ចំពោះស្ថានភាពជុំវិញឧបទ្វីបកូរ៉េ ដែលចេះតែកើនឡើងពី ១ថ្ងៃទៅ ១ថ្ងៃ ។
អ្នកស្រីបន្តថា ការកញ្ជ្រោលដ៏គ្រោះថ្នាក់ថ្មីនៃភាពតានតឹង អាចបង្កឡើងដោយសមយុទ្ធយោធារួមគ្នា Ulchi Freedom Shield រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលគ្រោងទុកនៅខែសីហាខាងមុខនេះ ។ នៅក្នុងផែនការសមយុទ្ធយោធាទាំងនេះ ប្រទេសចូលរួមមានបំណងសាកល្បងជាលើកដំបូងនូវសេនារីយ៉ូនៃការវាយប្រហារនុយក្លេអ៊ែរលើដែនដីរបស់កូរ៉េខាងជើង ។
លោកស្រីបញ្ជាក់ថា សមយុទ្ធយោធាតាមការគ្រោងទុករបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើឲ្យមានហានិភ័យដល់ភាពតានតឹងឡើងកម្តៅក្នុងតំបន់ ៕