
ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់តំបន់ហ្កា ហ្សា ត្រូវបានផ្លាស់ទីលំនៅពីភាគខាងត្បូងនៃទឹកដីនេះ ក្នុងរយៈពេលមួយខែកន្លងមកនេះ ដែលធ្វើឲ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយនោះ កាន់តែអាក្រក់ឡើង។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
យោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោក នៅទីក្រុងរ៉ាហ្វាភាគខាងត្បូង កាលពីថ្ងៃទី៦ ខែឧសភា បន្ទាប់ពីសង្រ្គាមរយៈពេល ៧ខែ ដែលឃើញប្រជាជនប៉ាឡេស្ទីនជាច្រើនភៀសខ្លួនទៅកាន់ទីក្រុង រ៉ាហ្វា ដើម្បីគេចពីការប្រយុទ្ធ និងការទម្លាក់គ្រាប់បែក នៅកន្លែងផ្សេងទៀត។
អ៊ីស្រាអែល និយាយថា ការដណ្តើមកាន់កាប់ទីក្រុងរ៉ាហ្វា និងការកម្ទេចកងវរសេនាតូចរបស់ក្រុមហាម៉ាស មានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវគោលដៅសង្គ្រាមរបស់ខ្លួន។
អ៊ីស្រាអែល បានប្រាប់ប្រជាជនប៉ាឡេស្ទីននៅរ៉ាហ្វា ឲ្យផ្លាស់ទីទៅតំបន់ឆ្នេរខ្សាច់ ឬទីក្រុង Khan Younis ដែលភាគច្រើន ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
ឥឡូវនេះ អង្គការសហប្រជាជាតិ កំពុងព្រមានថា ការផ្លាស់ទីនៃមនុស្សដ៏ច្រើនបែបនេះ ក្នុងរយៈពេលដ៏ខ្លីមួយ រួមជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្តល់ជំនួយ កំពុងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។