
នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានពិភាក្សាការងារជាមួយសមភាគីបារាំងលោក Sebastien Lecornu ក្នុងទីក្រុងប៉ារីស ដើម្បីបញ្ជាក់ឡើងវិញពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងទីក្រុងវ៉ាស៊ីងតោន ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ Normandy អំឡុងពិធីរំឭកខួបលើកទី ៨០នៃការឡើងគោក D-Day ។
លោក Biden និយាយថា មេដឹកនាំទាំង ២ បានលើកឡើងសារជាថ្មីការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន ដែលកំពុងជាប់ធ្វើសង្រ្គាមជាមួយរុស្ស៊ី ។
លោក Biden គ្រោងនឹងជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាលើកញ្ចប់ជំនួយអាវុធតម្លៃ ២២៥លានដុល្លារ សម្រាប់ទីក្រុងគីវ ។
គួរឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ លោក Austin និងលោក Lecornu បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម បង្ហាញគោលបំណងរបស់ពួកគេ ដើម្បីធ្វើការរួមគ្នា ជាការប្រឈមការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាបង្កើនជំនួយរបស់ពួកគេដល់អ៊ុយក្រែន ៕