
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភានៃរដ្ឋសភាបារាំង នៅថ្ងៃសុក្រ (៧ មិថុនា) នេះ ដែលនេះជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំង។
ដោយសំដៅលើសេចក្ដីរាយការណ៍ ដែលថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (វ្ល៉ាឌីមៀ ពូទីន) បានត្រៀមរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ជាមួយនឹងបទឈប់បាញ់ដែលបានចរចាដោយទទួលស្គាល់ខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ននោះ លោក Zelenskiy បាននិយាយថា ការគូសខ្សែបន្ទាត់បណ្តោះអាសន្ន នឹងគ្រាន់តែផ្តល់ឲ្យរុស្ស៊ីនូវការផ្អាកមួយពេល មុនចាប់ផ្តើមសង្រ្គាមថ្មីប៉ុណ្ណោះ។ លោកបាននិយាយថា៖ «ហ៊ីត្លែរបានឆ្លងកាត់ខ្សែបន្ទាត់សមរភូមិពីមួយទៅមួយ។ លោក ពូទីន កំពុងធ្វើបែបនោះដូចគ្នា»។
សូមបញ្ជាក់ថា សុន្ទរកថារបស់លោក Zelenskiy នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំពិភពលោក ប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះឡើងដល់ដីគោក ឬ D-Day កាលសម័យសង្គ្រាមលោកលើកទី២ ហើយបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសរបស់លោក នឹងផ្តល់យន្តហោះចម្បាំង Mirage 2000 ដល់អ៊ុយក្រែន។ តែលោកមិនបានបញ្ជាក់ថា តើយន្តហោះ Mirages មានចំនួនប៉ុន្មានគ្រឿង ដែលបារាំងនឹងផ្តល់ឲ្យ ហើយនៅពេលណា ឬក្រោមលក្ខខណ្ឌហិរញ្ញវត្ថុអ្វីនោះទេ។
ជាមួយគ្នានេះ លោក Macron ក៏បាននិយាយផងដែរថា ប្រទេសបារាំងបានស្នើឲ្យអ្នកបើកយន្តហោះអ៊ុយក្រែនទទួលបានបណ្តុះបណ្តាល នៅក្នុងប្រទេសបារាំង ចាប់ពីរដូវក្តៅនេះទៅ។
គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចរបស់លោក នៅទីក្រុងប៉ារីសនេះ លោក Zelenskiy គ្រោងនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលនេះជាកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូឆ្នាំមុន៕