ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ឧកញ៉ា តារាចម្រៀង សិល្បករ និងបុគ្គលិកសរុបចំនួន ១៣១នាក់ នៃផលិតកម្ម Galaxy Navatra Group បានឧបត្ថម្ភថវិកាសរុបចំនួន ១៥៨.១០០ ដុល្លារ (មួយសែនប្រាំម៉ឺនប្រាំបីពាន់មួយរយដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានថ្លែងថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះផលិតកម្ម Galaxy Navatra Group ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយ កាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។
លោកជំទាវបានបន្ដថា ការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទ។
តំណាងឱ្យក្រុមការងារទាំងអស់អ្នក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងនូវក្តីភើបសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមការងារបានចែករំលែក និងចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភា២០២៤នេះ ទុកជាជំនួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅក្នុងប្រទេស កម្ពុជា។ អ្នកឧកញ៉ាបន្តថា ទោះបីមានវិបត្តិសេដ្ឋកិច្ច ក្នុងក្រុមហ៊ុនយ៉ាងណា ក៏ក្រុមហ៊ុនបានប្រមូលកៀរគរថវិកា ពីបុគ្គលិករបស់ខ្លួនសរុបចំនួន ១៣១នាក់ ដើម្បីយកថវិកាជូន កាកបាទក្រហមកម្ពុជា ជួយទ្រទ្រង់ដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិដ៏ធំមួយនេះឱ្យមាននិរន្តភាព។
កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះផលិតកម្ម Galaxy Navatra Group ដែលបានបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថានឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធានប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លាជួយកាកបាទក្រហមកម្ពុជា តាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកម្រិតទៀត ក្នុងបេសកកម្មមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំ ងីម


















