ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចបានផ្សព្វផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមរបស់សម្ដេចថា នៅថ្ងៃទី៧ ខែមិថុនានេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវទៅចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ សម្ដេចតេជោបន្តថា គេខិតខំទម្លាក់កំហុសឱ្យចិន ប្រសិនបើកម្ពុជាមិនបានចូលរួម។
នៅក្នុងបណ្ដាញសង្គមរបស់សម្ដេចតេជោដដែល សម្ដេចបានរម្លឹកឱ្យដឹងថា កាលពីសប្តាហ៍មុនក្នុងជំ នួបតាមប្រព័ន្ធវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារ ណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម។ សម្ដេចតេជោបន្តថា ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទ, ពេលសន្និសីទ និងក្រោយសន្និសីទ, រុស្ស៊ីនឹងវាយកាន់តែខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះ ទៅកាន់អគ្គនាយក CIA នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០ ២៤ និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែរ ពេលពួកគាត់មកជួបជាមួយខ្ញុំ។
សម្ដេចតេជោបានចោទជាសំណួរថា តើសម្ដីបែបនេះ ចិនណែនាំឱ្យខ្ញុំនិយាយ ឬកម្ពុជាមានសិទ្ធិនិយាយ?
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់កន្លងមកហើយ ខ្ញុំមិនធ្លាប់ឮមេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឱ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិននោះឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឱ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។
សម្ដេចតេជោបន្ថែមថា ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយក ម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួម ឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។
សម្ដេចតេជោក៏បានអំពាវនាវដល់ជនទាំងនោះ សូមកុំព្យាយាមទម្លាក់កំហុសឱ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទស្ដីពីសន្តិភាពនៅអ៊ុយក្រែន និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយដើម្បីប្រឆាំងនឹងចិនទៅ៕
ដោយ៖ គង់ ឌិន

