
នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានបាញ់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកលើទីក្រុងភាគខាងកើតអ៊ុយក្រែន Luhansk គ្រប់គ្រងដោយរុស្ស៊ី នៅក្នុងការវាយប្រហារមួយដែលពួកគេនិយាយថា បណ្តាលឲ្យមនុស្ស ២០នាក់រងរបួស រួមទាំងកុមារផងដែរ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីល ៤គ្រាប់ ក្នុងចំណោម ៥គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែមីស៊ីល ១គ្រាប់ បណ្តាលឲ្យប្លុកផ្ទះល្វែងអ្នកស្រុក ២ខ្នង រងការខូចខាត ។
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមជួយសង្រ្គោះធ្វើការនៅលើគំនរកម្ទេចកម្ទីអគារផ្ទះល្វែងដែលរងការវាយប្រហារដោយមីស៊ីល ។ ក្រសួងមួយនេះ បញ្ជាក់ថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ ពីការអះអាងបែប នេះ ហើយនិងគ្មានសេចក្តីអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែននោះដែរ ៕