
នៅថ្ងៃសុក្រនេះ ជនប៉ាឡេស្ទីនយ៉ាងច្រើននៅទីក្រុង Rafah នាំគ្នារៀបចំទ្រព្យសម្បត្តិរបស់ពួកគេ និងរុះរើសំពត់តង់បណ្តោះអាសន្នរបស់ពួកគេ បង្ខំចិត្តជម្លៀសខ្លួនម្តងទៀត ស្របពេលការវាយលុករបស់អ៊ីស្រាអែលនៅតំបន់នោះ នៅតែបន្ត ។
លោក Ahmed Nassarគឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា លោក និងគ្រួសារលោកមិនអាចសម្រាកបានទេកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយសារតែសំឡេងទម្លាក់គ្រាប់បែកឥតឈប់ឈរ ។
លោកបន្តថា វាគឺជាលើកទី ៧ហើយដែលលោកត្រូវបំលាស់ទី ប៉ុន្តែលោកមិនដឹងថាកន្លែងសុវត្ថិភាពត្រូវទៅនោះទេ ។
លោកថា គ្មានកន្លែងណាមួយសម្រាប់ឲ្យនរណាម្នាក់រកកន្លែងសម្រាកបានស្រួល ឬយល់ថាជាកន្លែងជ្រកកោនមានសុវត្ថិភាពនោះទេ ។ ពួកយើងពុំអាចស្វែងរកអាហារទទួលទានបានទេ តើឲ្យពួកយើងត្រូវបន្តរត់ និងផ្លាស់ទីដល់ពេលណាទៀត?
ក្រុមគ្រូពេទ្យ និយាយថា ដោយគ្មានសញ្ញាណាមួយនៃការរីកចម្រើននៅក្នុងកិច្ចខិតខំរបស់ក្រុមសម្របសម្រួលឲ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សានោះ រថក្រោះ និងយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ភាគកណ្តាល និងភាគខាងត្បូងដែនដីបិទច្រកមួយនេះ កាលពីយប់កន្លែងទៅ ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២៣នាក់ ៕