
ក្រសួងការពារជាតិចិន នៅថ្ងៃសុក្រ (ទី៧ ខែមិថុនា) នេះ បាននិយាយថា ប្រទេសចិនបានជំទាស់យ៉ាងណាត់ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ហើយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលជាបន្ទាន់។ ក្រសួងបានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅសហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ។
ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «(យោធារបស់ប្រទេសចិន) នឹងបន្តពង្រឹងការហ្វឹកហ្វឺន និងសមយុទ្ធយោធារបស់ខ្លួន និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។
គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានឲ្យដឹងកាលពីថ្ងៃទី៥ ខែមិថុនាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ៨០លានដុល្លារអាមេរិក។
មន្ទីរបញ្ចកោណបានប្រាប់ទៀតថា ការលក់នេះនឹងជួយឲ្យកោះតៃវ៉ាន់លើកកម្ពស់សន្តិសុខ រក្សាស្ថិរភាពនយោបាយ និងតុល្យភាពយោធា ហើយនិងគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់។
សម្រាប់កោះតៃវ៉ាន់ កោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ បាននិយាយថា ការលក់ដែលរំពឹងថា នឹងបញ្ចប់នៅខែកក្កដា នឹងជួយជំរុញដល់តម្រូវការប្រយុទ្ធ និងការពារនៃកងទ័ពអាកាសរបស់ខ្លួន៕