
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជិនពីង) បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅទីក្រុងប៉េកាំង នាថ្ងៃសុក្រ (ទី៧ ខែមិថុនា) នេះ ដោយជំនួបនេះកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលប៉ាគីស្ថានបង្ហាញថវិកាប្រចាំឆ្នាំរបស់ខ្លួន និងដាក់ពាក្យស្នើសុំកម្ចីថ្មីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ទីតាំងរបស់ប៉ាគីស្ថាន ដែលស្ថិតនៅលើសមុទ្រអារ៉ាប់ បានធ្វើឲ្យប្រទេសនេះមានសារៈសំខាន់ជាយុទ្ធសាស្រ្ត សម្រាប់ប្រទេសចិន ដោយផ្តល់នូវផ្លូវគោកឆ្ពោះទៅឈូងសមុទ្រ Aden និងទៅកាន់ព្រែកជីក Suez ហើយនិងអាចឲ្យនាវារបស់ចិនចៀសវាងពីផ្លូវដែលអាចនឹងកាន់តែចង្អៀតនៃច្រកសមុទ្រ Malacca។
គេរំពឹងថា រដ្ឋាភិបាលរបស់លោក Sharif នឹងស្វែងរកយ៉ាងហោចណាស់ ៦ពាន់លានដុល្លារអាមេរិក ក្រោមកម្មវិធី IMF ថ្មី បន្ទាប់ពីខ្លួនបង្ហាញថវិកាប្រចាំឆ្នាំ ដែលប្រភពនិយាយថា នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា។ ហើយបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក បានឲ្យដឹងថា ទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារអាមេរិក គឺជាចំណុចសំខាន់នៃកិច្ចពិភាក្សាជុំបន្ទាប់ជាមួយមូលនិធិនេះ។
IMF កាលពីខែឧសភា បានបើកការពិភាក្សាលើប្រាក់កម្ចីថ្មី បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់កម្មវិធីរយៈពេលខ្លីចំនួន ៣ពាន់លានដុល្លារអាមេរិក ដែលបានជួយបញ្ចៀសការខកខានសងបំណុលអធិបតេយ្យភាព កាលពីរដូវក្តៅមុន។
គួរបញ្ជាក់ដែរថា ប៉ាគីស្ថានជំពាក់ចិនជិត ១៣ភាគរយនៃបំណុលសរុបរបស់ខ្លួន ដែលត្រូវបានយកទៅទូទាត់ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនឆ្នាំ និងប្រភេទការចំណាយផ្សេងទៀត៕