ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កំពុងរីកចម្រើន ទោះបីជាមានទណ្ឌកម្មពីអន្តរជាតិដ៏ខ្លាំងក្លាក៏ដោយ ហើយប្រទេសនេះ បានពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងទ្វីបអាស៊ី។

ថ្លែងទៅកាន់មេដឹកនាំប្រទេសបូលីវី ហ្ស៊ីមបាវ៉េ និងមេដឹកនាំធុរកិច្ចនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ទីក្រុង សេន ភីធឺស្បើក(St Petersburg) លោក Putin បាននិយាយថា ប្រទេសរុស្ស៊ី នៅតែជាអ្នកចូលរួមមួយដ៏សំខាន់ នៅក្នុងពាណិជ្ជកម្មពិភពលោក ទោះបីជាការពិតដែលថាប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម សម្រាប់ការបញ្ជូនកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែនក៏ដោយ។

វេទិកានេះ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីរយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាការបង្ហាញពីការអភិវឌ្ឍរបស់ប្រទេស ទោះបីជាមន្ត្រី និងវិនិយោគិនប្រទេសលោកខាងលិច បានដឹកនាំកិច្ចប្រជុំចាប់តាំងពីការដាក់ទណ្ឌកម្ម ដែលបានកាត់ផ្តាច់ពាណិជ្ជកម្មជាច្រើនរបស់រុស្ស៊ី ជាមួយអឺរ៉ុបខាងលិច សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ពួកគេ ក៏ដោយ។
នៅក្នុងកិច្ចប្រជុំ លោក ពូទីន បានព្រមានថា រុស្ស៊ីអាចផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់ប្រទេសដទៃ ដើម្បីវាយប្រហារគោលដៅប្រទេសលោកខាងលិច ក្នុងការឆ្លើយតបទៅនឹងសម្ព័ន្ធមិត្ត នៃសម្ព័ន្ធយោធាណាតូ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធវាយប្រហារលើទឹកដីរុស្ស៊ី។
លោក បានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសនេះ មើលឃើញការគំរាមកំហែងដល់ដែនអធិបតេយ្យភាពរបស់ខ្លួន៕
