យោធាបាននិយាយថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានស្តារឡើងវិញកំពង់ផែបណ្តោះអាសន្ន ដើម្បីជំរុញការដឹកជញ្ជូនជំនួយចូលទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីរចនាសម្ព័ន្ធ បានរងការបំផ្លាញដោយសារព្យុះ និងកំពុងជួសជុល នៅកំពង់ផែនៅក្បែរនោះ។

តំបន់ហ្កាហ្សា ត្រូវបានបំផ្លិចបំផ្លាញដោយប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបច្ចុប្បន្ននេះបានឈានចូលដល់ខែទីប្រាំបួន ខណៈប្រជាជននៅតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ បានភៀសខ្លួនចេញ និងបណ្តាលឱ្យពួកគេ ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។
ទីបញ្ជាការយោធា ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា បាននិយាយនៅក្នុងសារបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានស្តារឡើងវិញដោយជោគជ័យនូវកំពង់ផែបណ្តោះអាសន្នតំបន់ហ្កាហ្សា ដោយផ្តល់លទ្ធភាពឱ្យបន្តផ្តល់ជំនួយមនុស្សធម៌ ដែលត្រូវការច្រើនដល់ប្រជាជនតំបន់ហ្កាហ្សា។
មេបញ្ជាការម្នាក់និយាយថា វិស្វករកងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងផ្តល់លទ្ធភាពដល់កងកម្លាំងរបស់យើង នៅលើឆ្នេរសមុទ្រ។ នេះគឺជាអង្គភាពតែមួយ ដែលយើងបានបណ្តុះបណ្តាលជាច្រើនខែមកហើយពីរបៀបអនុវត្តប្រតិបត្តិការ។
ជំនួយមនុស្សធម៌ជាងពីរលានផោន ត្រូវបានដឹកជញ្ជូនតាមកំពង់ផែនេះ កាលពីខែមុន ប៉ុន្តែវាត្រូវបានបំផ្លាញដោយនីវ៉ូទឹកសមុទ្រឡើងខ្ពស់ រយៈពេលប្រហែលមួយសប្តាហ៍ បន្ទាប់ពីការដឹកជញ្ជូន បានចាប់ផ្តើម៕
